បាត់ដំបង៖ សមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួនជនជាតិថៃម្នាក់ ជាមុខសញ្ញាលួចយ៉ាងសកម្ម ដែលធ្វើសកម្មភាពលួចតាំងពីប្រទេសថៃ រហូតមកដល់ខេត្តបាត់ដំបង។

នគរបាលបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២២នេះ កម្លាំងជំនាញរបស់ស្នងការនគរបាលខេត្តបាត់ដំបងបានកំណត់មុខសញ្ញាលួចម្នាក់ជាជនជាតិថៃ និងជាមុខសញ្ញាចាស់លួចយ៉ាងសកម្មតាំងពីនៅប្រទេសថៃ រហូតមកបានប្រពន្ធជាជនជាតិខ្មែរ នៅតែបន្តសកម្មភាពលួច រួមជាមួយបក្សពួកជាបន្តបន្ទាប់ទៀតនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ចុងក្រោយអស់លក្ខណ៍ត្រូវសមត្ថកិច្ចបង្ក្រាបបានតែម្តង។

ជនសង្ស័យមកទល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់បង្ហាញពីអត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថាជាមុខសញ្ញាចាស់ដែលកម្លាំងនគរបាលធ្លាប់ឃាត់ខ្លួនបានម្តងរួចមកហើយ តែជនជាតិថៃរូបនេះបានព្យាយាមរត់គេចបាត់មួយរយ: រហូតបានធ្វើសកម្មភាពល្មើស ៣ករណីចុងក្រោយ ហើយលួចយកបាននូវគ្រឿងអលង្ការជាច្រើន និងលុយយ៉ាងសន្ធឹកសន្ធប់នៅក្នុងភូមិសាស្ត្រស្រុករតន:មណ្ឌល និងស្រុកបាណន់ ទើបនគរបាលការិយាល័យជំនាញស្រាវជ្រាវឃាត់ខ្លួនបានតែម្តង។

ប្រភពដដែលបានបញ្ជាក់​ថា ជនសង្ស័យជា​ជនជាតិ​ថៃខាងលើ រយ:ពេលចុងក្រោយបានមាន​ប្រពន្ធ​ជាជនជាតិខ្មែរ រស់នៅក្នុងភូមិចម្លងរ​ម៉ាំង​លើ ឃុំ​អូរ​សំរិល ស្រុកសំឡូត​ ខេត្តបាត់ដំបង។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចបន្តសាកសួរ និងស្រាវជ្រាវរកបក្សពួកបន្ថែមទៀតដើម្បីកសាងសំណុំរឿងតាមផ្លូវច្បាប់៕

អត្ថបទ៖ ដំបងក្រញូង

Share.