ប៉ូលីសបាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា មានមនុស្សយ៉ាងហោចណាស់ ១០នាក់ ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារទ្រង់ទ្រាយធំនៅផ្សារទំនើបមួយក្នុងទីក្រុង Buffalo នាថ្ងៃសៅរ៍ ទី ១៤ ខែ ឧសភា (ម៉ោងក្នុងស្រុក) ដោយជនសង្ស័យប្រើឧបករណ៍យុទ្ធសាស្រ្តសង្រ្គាមដែលកំពុងផ្សាយបន្ដផ្ទាល់អំឡុងពេលវាយប្រហារ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ២០២២ នេះ។

ការបាញ់ប្រហារនេះបានកើតឡើងនៅរសៀលថ្ងៃសៅរ៍នៅហាង Top Friendly Markets។ ជនសង្ស័យក្នុងករណីបាញ់ប្រហារនេះឈ្មោះ Payton Gendron អាយុ ១៨ឆ្នាំ កំពុងស្ថិតក្រោមការឃុំខ្លួនរបស់សមត្ថកិច្ច។ យុវជនរូបនោះត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតកម្រិតទី១ ដែលនឹងត្រូវបញ្ជូនទៅតុលាការកាលពីយប់ថ្ងៃសៅរ៍ថ្ងៃដដែល នេះបើយោងតាមការឲ្យដឹងរបស់ប្រធានតុលាការក្រុង Buffalo លោក Craig Hannah ប្រាប់បណ្ដាញសារព័ត៌មាន CNN។

ប៉ូលីសបាននិយាយថា មានមនុស្សចំនួន ១៣នាក់ ត្រូវបានបាញ់នៅក្នុងការវាយប្រហារនេះ ហើយមនុស្សចំនួន ១០នាក់ ត្រូវបញ្ជាក់ថាបាត់បង់ជីវិត ខណៈ៣នាក់ទៀតកំពុងបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។ ក្នុងចំណោមជនរងគ្រោះទាំងអស់មានមនុស្ស ១១នាក់ជាជនជាតិស្បែកខ្មៅ និង ២នាក់ទៀតជាជនជាតិស្បែកស។

យោងតាមសេចក្ដីថ្លែងការណ៍របស់អគ្គមេធាវី Merrick Garland បានឲ្យដឹងថា ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកកំពុងស៊ើបអង្កេតការបាញ់ប្រហារទ្រង់ទ្រាយធំនេះជា «ឧក្រិដ្ឋកម្មស្អប់ខ្ពើម និងជាអំពើហិង្សាប្រកាន់ពូជសាសន៍»។
ជាមួយគ្នា នាយកដ្ឋានស៊ើបអង្កេតនៃក្រសួងយុត្តិធម៌បេ្ដជ្ញាធ្វើការស៊ើបអង្កេតឲ្យបានហ្មត់ចត់ និង ឆាប់រហ័សបំផុតលើករណីបាញ់ប្រហារនេះ ដើម្បីស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះស្លូតត្រង់ទាំង ១៣នាក់នេះ៕

