ឧត្ដរមានជ័យ ៖ រថយន្តកូរ៉េដឹកទំនិញបើកចុះភ្នំដងរ៉ែក ហ្វ្រាំងមិនជាប់ជ្រុលបុកពីក្រោយម៉ូតូហុងដាឌ្រីម និងបន្តទៅបុករថយន្តរីវ៉ូ កំពុងបើកឡើងភ្នំ បណ្តាលឲ្យរងរបួសធ្ងន់៧នាក់ ស្រាល៣នាក់ កាលពីល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៦៧B ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣២-១៣៣ ចំណុចក្រោមរូបសំណាក់លោកយាយម៉ៅប្រហែល ៣៥០ម៉ែត្រ ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ភាគីខាងរថយន្តបង្ក កូរ៉េ ម៉ាកហុីយ៉ាន់ដាយ ចំណុះ៣,៥តោន ពណ៌ស ពាក់ស្លាក លេខ សៀមរាប 3A-3246 បើកបរដោយឈ្មោះ មៀវ សំណាង ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិពួកចាស់ ឃុំពួកចាស់ ស្រុកពួក ខេត្តសៀមរាប និងរួមដំណើរគ្នា៣នាក់ទៀត ឈ្មោះ តាវ វ៉ាន់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករ រស់នៅភូមិចុងថ្នល់ ឃុំយៀង ស្រុកពួក ខេត្តសៀមរាប , ឈ្មោះ គង់ មុំ ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរកម្មករ រស់នៅភូមិសំរោងយា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប មុខរបរ ,ឈ្មោះ យឿន វិឆាន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរយោធា រស់នៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ។

ភាគីខាងរថយន្តរីវ៉ូ ពណ៌ស ពាក់ស្លាកលេខ ឧត្តរមានជ័យ 2B-9989 បើកបរដោយឈ្មោះ ឈឺន ណារឹទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិអូរជីក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងរួមដំណើរដោយគ្នា២នាក់ទៀត ឈ្មោះ ទុំ ស៊ាងអេង ភេទស្រី អាយុ ៤៤ឆ្នាំ ត្រូវជាប្រពន្ធ , ឈ្មោះ ឃីម ស្រីជីង ភេទស្រី អាយុ២ឆ្នាំ ត្រូវជាចៅ ។

ភាគីខាងម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១១ ពាក់ស្លាកលេខ កំពង់ចាម 1I-9772 បើកដោយឈ្មោះ សុង ចាន់ណា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកធនាគារ រស់នៅភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រួមដំណើរជាមួយប្រពន្ធកូន៣នាក់ទៀតឈ្មោះ រី រចនា ភេទស្រី អាយុ១៩ឆ្នាំ ត្រូវជាប្រពន្ធ , ឈ្មោះ សុង ម៉ី ភេទស្រី អាយុ០៥ឆ្នាំ ត្រូវជាកូន ,ឈ្មោះ សុង សុជាតា ភេទស្រី អាយុ០១ឆ្នាំ ត្រូវជាកូន ។

សមត្ថកិច្ចបន្តទៀតថាមុនកើតហេតុ រថយន្តកូរ៉េបើកចេញពីព្រំដែនខ្មែរថៃ ច្រកអន្តរជាតិ ជាំស្រងាំ ចុះពីលើភ្នំដងរ៉ែក ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ មកពីបញ្ហាបច្ចេកទេសអ្នកបើកបរ ពេលចុះចំណោត ហ្វ្រាំងមិនជាប់ លឿនជ្រុលទៅបុកពីក្រោយម៉ូតូ ហើយបន្តទៅបុករថយន្តរីវ៉ូកំពុងបើកច្រាសទិស ឡើងភ្នំដងរ៉ែក បណ្តាលឲ្យរងរបួសធ្ងន់៧នាក់ ស្រាល៣នាក់ រថយន្ត២គ្រឿង ម៉ូតូ១គ្រឿងរងខូចខាត ។

ក្រោយកើតហេតុ ជនរងគ្រោះទាំងអស់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រងចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.