ភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿង ជិះលើផ្លូវបញ្ច្រាសទិសដៅចរាចរ ត្រូវបានម៉ូតូមួយគ្រឿងទៀតជិះលើផ្លូវអទិភាពបើកបុក បណ្តាលឲ្យរងរបួសធ្ងន់សងខាង បាក់ជើង និងបែកប្រអប់ជើង កាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចចុះទៅអន្តរាគមន៍កន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរី២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IK-5800 ជិះដោយបុរសម្នាក់ឈ្មោះ សុខ ខី អាយុ៥១ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ ជិះម៉ូតូលើផ្លូវបញ្ច្រាសទិសដៅចរាចរ ពីជើងទៅត្បូង ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1G-5282 ជិះដោយបុរសឈ្មោះ វាំង សម្បត្តិ អាយុ២១ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិត្រពាំងទន្ទឹម ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកលឿនពីត្បូងទៅជើងលើផ្លូវអាទិភាព ជ្រុលបុកពេញទំហឹង បណ្តាលឲ្យភាគីជិះបញ្ច្រាសរបួសបាក់ជើងឆ្វេង ចំណែកភាគីខាងផ្លូវអថិភាពរបួសបែកប្រអប់ជើងឆ្វេង ។

ក្រោយកើតហេតុភ្លាមៗ រថយន្តគ្លីនិកឯកជន បានដឹកជនរងគ្រោះយកទៅព្យាបាល។ ចំណែកម៉ូតូទាំង២គ្រឿង សមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌដង្កោ រង់ចាំភាគីសងខាងនិយាយដោះស្រាយគ្នានៅពេលក្រោយទៀត ៕
អត្ថបទ៖តាតុង សែនជ័យ
