ភ្នំពេញ៖ម្ចាស់ទីតាំងបង្ហាត់ល្បុក្កតោមួយកន្លែងបានដុតទៀនធូបថ្វាយ គ្រូ មិនប្រយ័ត្ន ស្រាប់តែនៅវេលាយប់រំលងអធ្រាត្រ មានផ្សែងហុយចេញពីអាសនៈ ដោយកម្ទេចទៀនធូបធ្លាក់ទៅលើអំបោះខ្សែសីមា បង្កជាអគ្គិភ័យឆាប់ឆេះ មានផ្សែងនិងអណ្ដាតភ្លើងខ្មួលខ្មាញ់ បង្កការភ្ញាក់ផ្អើល រួចក៏បានទាក់ទងទៅសមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គិភ័យ មកជួយបាញ់ពន្លត់ភ្លាមៗ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង 2:30 យប់រំលងអធ្រាតឈានចូលថ្ងៃទី 16 ខែឧសភា ឆ្នាំ 2022 នៅចំណុចបុរីសូនីផ្ទះលេខ 331អា ផ្លូលេខ 81sony ក្នុងសង្កាត់ស្ទឹងមានជ័យ 3 ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចដែលចូលរួម ប្រតិបត្តិការបាញ់ពន្លត់ បានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យលេបត្របាក់ ជាប្រភេទផ្ទះថ្មល្វែង ម្ចាស់ផ្ទះមានឈ្មោះ បៀន វឌ្ឍនៈមុខរបរជានិស្សិត ។ចំពោះមូលហេតុនៃការឆាប់ឆេះ បណ្ដាលមកពីការដុតទៀនធូប ហើយសំភារៈដែលខូចខាតរួមមាន ពូកនិងគ្រែ ។

ចំពោះប្រតិបត្តិការ បាញ់ពន្លត់វិញ សមត្ថកិច្ចប្រើប្រាស់រថយន្ត អស់ពីររថយន្តទើបអាចគ្រប់គ្រងស្ថានការណ៍បាន 100%។ អគ្គិភ័យនេះមិនបានឆបឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ ហើយក៏មិនមានមនុស្សរងរបួសនោះដែរ៕

អត្ថបទ៖លី សុភ័ស្ត
