ក្រុម​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​កម្ពុជា ទាំង​​ក្រុម​ទី១ និង​ក្រុម​ទី២ បាន​យក​ឈ្នះ​លើ​ក្រុម​របស់​សិង្ហបុរី ទាំង​២​ក្រុម ក្នុង​វគ្គ​សន្សំ​ពិន្ទុ ពូល A នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣១ នៅ​ប្រទេស​វៀតណាម នា​រសៀល​ថ្ងៃ​ចន្ទ ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២២ នេះ។

ក្រុម​ទី១​របស់​​កម្ពុជា មាន​កីឡាករ ជុក សុភា និង ធី ម៉េងហួង បាន​យក​ឈ្នះ​លើ​ក្រុម​របស់​សិង្ហបុរី ដោយ​លទ្ធផល ៣សិត​ទល់១ ( ២១-១៧,១៣-២១ និង​១៥-៧)។ ចំណែក​ក្រុម​ទី២ របស់​កម្ពុជា មាន​កីឡាករ សោម សាមីត និង អ៊ឹម ណារិទ្ធិ បាន​យក​ឈ្នះ​លើ​ក្រុម​សិង្ហបុរី ដោយ​លទ្ធផល ២សិត​ទល់០ ។

នេះ​ជា​ជ័យជម្នះ​ដំបូង​របស់​កម្ពុជា ខណៈ​ប្រកួត​បើក​ឆាក​កម្ពុជា បាន​ចាញ់​វៀតណាម ដោយ​លទ្ធផល ២​ប្រកួត ទល់១ ប្រកួត ក្នុង​ចំណោម​ក្រុម​ទាំង​២​ក្រុម​របស់​កម្ពុជា។

សម្រាប់​ប្រកួត​បន្ត​កម្ពុជា ទាំង​២​ក្រុម នឹង​ជួប​ក្រុម​ហ្វីលីពីន ទាំង​២​ក្រុម នៅ​វេលា​ម៉ោង​៩:៣០នាទី​ព្រឹក ថ្ងៃ​អង្គារ ទី​១៧ ខែ​ឧសភា ស្អែក​នេះ។

ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣១ មាន​២ពូល ដោយ​ពូល A មាន​ម្ចាស់​ផ្ទះ​វៀតណាម, កម្ពុជា,​សិង្ហបុរី និង​ហ្វីលីពីន ខណៈ​ពូល B មាន​ ថៃ, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី និង​ឡាវ។ ក្រោយ​ចប់​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល ក្រុម​លេខ១​និង​លេខ២ មាន​ឈ្មោះ​ឡើង​ទៅ​លេង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ជា​បន្ត៕

Share.