ភ្នំពេញ៖ បុរសម្នាក់រងរបួសជើងស្តាំ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ បង្កឡើងរវាងរថយន្តកុងតឺន័របើកបត់ត្រឡប់ក្រោយ ជ្រុលទៅបុកកៀររថយន្តសាំយ៉ុង ខ្ទេចមួយចំហៀង។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង២ៈ១០នាទីរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ មុខបុរីពិភពថ្មី គម្រោងទី៣ ចំណុចភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តកុងតឺន័រ ម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-9070 អូសសណ្តោងរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-6207 បើកពីត្បូងទៅជើង ដល់ចំណុចកើតហេតុ បត់ឆ្វេងឆ្លងផ្លូវត្រឡប់ក្រោយ ក៏ជ្រុលទៅបុកកៀរពីចំហៀងរថយន្ត ម៉ាកសាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2BL-1421 បើកពីជើងទៅត្បូង បណ្តាលឲ្យរងខូចខាតកៀបរបួសជើងបុរសម្នាក់។

ករណីគ្រោះថ្នាក់ចរាចរខាងលើ បណ្តាលឲ្យរថយន្តសាំយ៉ុងខូចខាតខ្ទេចមួយចំហៀង បែកកញ្ចក់ឆ្វេងមួយផ្ទាំង រងរបួសជិះជិះម្នាក់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្តទាំង២គ្រឿង សមត្ថកិច្ចចុះទៅអន្តរាគមន៍ យកដាក់អៀបកៀនខាង ជៀសវាងកកស្ទះចរាចរ និងទុកឱកាសឲ្យភាគីសងខាងនិយាយសម្រួលគ្នា ដោយខាងរថយន្តសាំយ៉ុងទាមទារលុយ១៥០០ដុល្លា ថ្ងៃខូចខាតនិងរបួសមនុស្សម្នាក់៕
អត្ថបទ៖តាតុង សែនជ័យ

