បន្ទាប់ពីរក្សាភាពស្ងៀមស្ងាត់មួយរយៈក្រោយពីមានបុគ្គលម្នាក់យកស្បែកជើងគប់ទៅលើសម្តេចនៅក្នុងជំនួបមួយ ជាមួយពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៧ខែឧសភាឆ្នាំ២០២២នេះ បានថ្លែងថា សម្តេចមិនទាមទារឲ្យអាមេរិកមានវិធានការ ចំពោះបុគ្គលនោះឡើយ ប៉ុន្តែសម្តេចទុកឲ្យអាមេរិកជាអ្នកសម្រេចដោយខ្លួនឯង។

ការថ្លែងរបស់សម្តេចយ៉ាងដូច្នេះបានធ្វើឡើងក្នុងពេលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនសម្តេចតេជោនៅព្រឹកថ្ងៃអង្គារនេះ។

សម្តេចបានបញ្ជាក់ថា រឿងនេះជាករណីរបស់រដ្ឋាភិបាលអាមេរិកសុទ្ធសាធ ដែលបុគ្គលម្នាក់បានយកស្បែកជើង ទៅគប់មេដឹកនាំប្រទេសមួយ ហើយអាមេរិកចាត់ទុកថាជារឿងបញ្ចេញមតិនោះ។ សម្រាប់សម្តេចតេជោ បើសិនជាករណីនេះ អាមេរិកថា ជាការបញ្ចេញមតិនោះ សម្តេចថា ករណីបែបនេះនឹងអាចកើតមាននៅតាមបណ្តាប្រទេស ផ្សេងទៀត ក្នុងនោះមានទាំងប្រទេសកម្ពុជាផងដែរ។

បុរសដែលគប់ស្បែកជើងលើសម្តេចតេជោនៅសហរដ្ឋអាមេរិក

សូមរំលឹកថា នៅក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក ដែលត្រូវបានផ្សព្វផ្សាយលើបណ្ដាញ​សង្គម​នានា បាន​បង្ហាញ​ពី​បុរស​វ័យ​ជាង​៦០​ប្លាយ​ឆ្នាំ​ម្នាក់ បានដោះស្បែកជើងប៊ូ​របស់​ខ្លួន គប់​សំដៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុងថតរូប Selfie ជាមួយអ្នកគាំទ្រ។ ប៉ុន្តែជាសំណាងល្អ ស្បែកជើងនេះមិនត្រូវចំសម្តេចនោះឡើយ ដោយធ្លាក់ចំទូរសព្ទដៃរបស់អ្នកគាំទ្រស្ទើរតែជ្រុះចេញពីដៃ។

សម្រាប់មជ្ឈដ្ឋានអ្នកប្រឆាំង បានហៅបរុសដែលហ៊ានគប់ស្បែកជើងទៅលើសម្តេចតេជោនោះថា ជាវីរបុរស ខណៈដែលពលរដ្ឋកម្ពុជា ភាគច្រើនជាពិសេសក្នុងចំណោមអ្នកគាំទ្រគណបក្សប្រជាជនបានថ្កោលទោសនិងចាត់ទុកទង្វើនោះថា ជាការប្រមាថដ៏ធ្ងន់ធ្ងរនិងមិន អាចទទួលយកបាននោះឡើយ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសានបានមានប្រសាសន៍តាមរយៈសារព័ត៌មានក្នុងស្រុកថា នេះគឺជាសេរីភាពនៃការបញ្ចេញមតិ​សម្រាប់ប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ តែឯកឧត្តម​ទទូចឱ្យ​អាជ្ញាធរ អាមេរិកចាត់វិធានការច្បាប់លើជនបង្កហេតុ ហើយ​នាំយក​មក​ទទួល​ខុស​ត្រូវចំពោះ​មុខ​ច្បាប់​របស់អាមេរិកផងដែរ៕

Share.