ភ្នំពេញ ៖ រថយន្តឃ្លុបដឹកឥវ៉ាន់ របស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ មួយគ្រឿងបើកលឿនជ្រុលទៅបុកពីក្រោយរថយន្ត ឡិចសុីសRX330 ខ្ទាតជាង៥០ម៉ែត្រទៅបំណែកផ្លូវម្ខាង រងខូចខាតផ្នែកខាងក្រោយ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវសហព័ន្ធរុស្សុី ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ រថយន្តឃ្លុបដឹកឥវ៉ាន់របស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ ម៉ាកហុីយ៉ាន់ដាយ ពណ៌លឿងពាក់ស្លាកលេខ ភ្នំពេញ 3F-8013 បើកក្នុងទិសដៅពីលិចទៅកើត ល្បឿនលឿន លុះដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយ រថយន្តឡិចសុីស RX330 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AT-7169 បើកបរដោយស្ត្រីជនជាតិចិន រុញខ្ទាតជាង៥០ម៉ែត្រ ចូលទៅបំណែកផ្លូវម្ខាងទៀត រងខូចខាតសងខាង ឡិចសុីសខ្ទេចផ្នែកខាងក្រោយ បែកទាំងកញ្ចក់។

ករណីគ្រោះថ្នាក់ខាងលើ ភាគីសងខាងនិយាមិនត្រូវគ្នា ប្រគល់ឲ្យសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកជាបណ្តោះអាសន្នរងចាំដោះស្រាយនៅពេលក្រោយទៀត៕
អត្ថបទ៖តាតុង សែនជ័យ

