ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២២ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបុរសម្នាក់ ដាក់ពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត លើទឹកប្រាក់ជិត១០ម៉ឺនដុល្លារ។

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចមុខបន្ទប់ជួល ក្រុម៣៣ ភូមិ៥ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ។ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ លោក សឿង ចរិយា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ សូ ឈុនឡេង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ មុនពេលចាប់ខ្លួន ផ្ទះលេខ ៣៣៧ ផ្លូវលំ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបង្ហើបឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០១៩ ឈ្មោះ សួ ឈុនឡេង បានខ្ចីប្រាក់ពីជនរងគ្រោះជាបន្តបន្ទាប់ប្រមាណជាង៩ ម៉ឺនដុល្លារអាមេរិក ដើម្បីយកទៅពង្រីកមុខរបររកស៊ី ប៉ុន្តែការរកស៊ីមិនសមប្រកប ក៏ បានផ្លាស់ប្តូរមកបើកហាងលក់គុយទាវវិញ ដោយតែរកចំណូលមិនសូវបាន ទើបជនសង្ស័យគេចខ្លួនទៅនៅក្រុងព្រះសីហនុ៕

