
រៀមច្បងត្រកូល «ហ៊ុន» គឺឯកឧត្តម ហ៊ុន សាន ដែលបានចេញទៅព្យាបាលសុខភាពនៅប្រទេសថៃជាច្រើនសប្ដាហ៍មកហើយនោះ ឥលូវនេះឯកឧត្តមមានសុខភាពល្អប្រសើរច្រើនហើយ។ ដំណឹងដ៏គួរឱ្យអបអរសាទរនេះ ត្រូវបានលោកជំទាវ ហ៊ុន ស៊ីណាត ដែលត្រូវជាប្អូនស្រីទី៥ ក្នុងចំណោមបងប្អូនង្កើត៦នាក់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បង្ហោះលើទំព័រហ្វេសប៊ុក។
តាមរយៈទំព័រហ្វេសប៊ុក លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលបង្ហាញឱ្យឃើញថាឯកឧត្តម ហ៊ុន សាន អង្គុយលើគ្រែពេទ្យ បង្ហាញភាពម៉ាំទាំ ទឹកមុខស្រស់បស់ ជាមួយនឹងការបញ្ចេញស្នាមញញឹមពេលថតរូបជាមួយប្អូនស្រី និងក្រុមគ្រួសារ ខុសពីសភាពកន្លងមកដែលបង្ហោះដោយសម្ដេចតេជោ។ យ៉ាងណាក៏ដោយ ឯកឧត្តនៅតែមិនទាន់ដឹងថាប្អូនប្រុសបន្ទាប់ គឺសម្ដេចឧត្តមទេពញាន ហ៊ុន ណេង បានលាចាកលោក។

លោកជំទាវ ហ៊ុន ស៊ីណាត ដែលស្ថិតក្នុងចំណោមឥស្សរជននិយមលេងបណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជាមួយរូបដែរនោះ បានសរសេរថា«ថ្ងៃនេះមកសួរសុខទុក្ខបងប្រុស ពេលនេះគាត់សុខភាពប្រសើរហើយ អាណិតណាស់គាត់និយាយថាតាំងពីចូលពេទ្យមកចេះតែនឹករលឹកបងប្អូនមិនដឹងម៉េចទេ ហើយពេលនេះមិនទាន់ដឹងថាប្អូនប្រុសគាត់បានចែកឋាននៅឡើយទេ»។
តាមរយៈខ្លឹមសារបង្ហោះដោយលោកជំទាវ ហ៊ុន ស៊ីណាត អាចឱ្យសន្និដ្ឋានបានថាក្នុងអំឡុងពេលព្យាបាលសុខភាពនៅប្រទេសថៃនោះ ឯកឧត្តម ហ៊ុន សាន ទំនងជាមិនបានប្រើប្រាស់បណ្ដាញសង្គម ឬមើលព័ត៌មានតាមប្រព័ន្ធអ៊ិនធើណែតនោះឡើយ ពីព្រោះដំណឹងនៃមរណភាពសម្ដេចឧត្តមទេពញាណ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ពិសេសលើបណ្ដាញសង្គមនៅកម្ពុជា។

សូមបញ្ជាក់ថាសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង បានទទួលមរណភាពកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។ សម្ដេចតេជោនាយករដ្ឋមន្រ្តីធ្លាប់បានសរសេរខ្លឹមសារស្រណោះស្រណោកចំពោះមរណភាពសម្ដេចឧត្តមទេពញាណ ដោយភ្ជាប់ទៅនឹងក្ដីអាណិតចំពោះបងប្រុសច្បងគឺឯកឧត្តម ហ៊ុន សាន ដែលកំពុងព្យាបាលជំងឺនៅប្រទេសថៃដោយមិនដឹងថាប្អូនប្រុសទទួលមរណភាព៕

