វត្ថុបុរាណមួយចំនួនត្រូវបានប្រទះឃើញនៅតាមរណ្ដៅសីមា ពេលរុះរើព្រះវិហារដែលមានសភាពចាស់ទ្រុឌទ្រោម នៃវត្តសុវណ្ណភូមិ ហៅវត្តតាលាស់ថ្មី ស្ថិតក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង។ របស់រដ្ឋបាលខេត្តបាត់ដំបង។ បើតាមហ្វេសប៊ុករដ្ឋបាលខេត្ត នៅថ្ងៃទី១៨ ខែឧសភានេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងក្រុមការងារជំនាញមកពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរធម្មការ និងសាសនា បានអញ្ជើញចុះពិនិត្យវត្ថុបុរាណ។

តាមការបញ្ជាក់ជាបឋមពីលោកអនុប្រធានការិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា សម្រាប់វត្ថុបុរាណដែលត្រូវបានប្រទះឃើញនៅពេលនេះរួមមាន បំណែកកុលាភាជន៍ ចំនួន២០បំណែក (ធ្វើពីដីដុត) បំណែកជើងពាន ចំនួន១៥បំណែក (ស្ពាន់១២ សំរិន្ធ៣) កាក់សៀម ចំនួន១៣កាក់ (ស្ពាន់) កាក់ឥណ្ឌូចិន ចំនួន៣៣កាក់(ប្រាក់)
-ដន្លាប់តូច ចំនួន១(ប្រាក់) ក្រវិលមួយចំហៀង (ស្ពាន់) ចិញ្ចៀន ចំនួន១វង់(ស្ពាន់) ប្រាក់ឌួង ១ចំហៀង (ប្រាក់) កណ្ដឹង ចំនួន២ (ស្ពាន់លាយ) បំណែកដែក (ប្រហែលដងដាវ) ចំនួន១ដុំ(ដែក) កាក់ប្រាក់រូបមាន់ ចំនួន ៣,៥៩០កាក់ (ប្រាក់) ហិបប្រាក់ ចំនួន១ សន្លឹកប្រាក់ចំនួន១បន្ទះ ។

ព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការ និងឧបាសក ឧបាសិកា ពុទ្ធបរិស័ទ្ធ បានឯកភាពប្រគល់ភារកិច្ចទៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត សហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងវត្តសុវណ្ណភូមិ ដើម្បីថែរក្សាវត្ថុបុរាណដែលត្រូវបានប្រទះឃើញនាពេលនេះ ដើម្បីចុះបញ្ជីសម្បតិ្តបេតិកភណ្ឌជាតិ ខណៈពេលនេះត្រូវរៀបចំកម្លាំងការពារវត្ថុបុរាណដែលរក្សាទុកជាបណ្ដោះអាសន្ននៅវត្តតាលាស់ថ្មីសិន ។

ឯកឧត្តម សុខ លូ បានមានប្រសាសន៍នាឱកាសនោះថា បើថ្ងៃណាមួយ វត្តសុវណ្ណភូមិ ហៅវត្តតាលាស់ថ្មី មានព្រះវិហារច្បាស់លាស់ និងអាចរៀបចំសារមន្ទីរក្នុងវត្ត គឺអាចរក្សាទុកវត្ថុបុរាណនេះ នៅសារមន្ទីរក្នុងវត្តបាន ដើម្បីទុកដល់កូនចៅជំនាន់ក្រោយបានមើលឃើញ បានស្គាល់ អំពីវត្ថុបុរាណនេះ ដែលជាអនុស្សាវរីយ៍ត្រូវបានប្រទះឃើញពេលកំពុងសាងសង់ព្រះវិហារថ្មី ។

គួរបញ្ជាក់ថា វត្តសុវណ្ណភូមិ ហៅវត្តតាលាស់ថ្មីនេះ ត្រូវបានកសាងឡើងនៅអំឡុងឆ្នាំ១៧១០ ដោយឡែកព្រះវិហារចាស់ កសាងដំបូងគេ នៅសតវត្សទី១៨ ហើយក៏ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងនៅអំឡុងពេលរបបប្រល័យពូជសាសន៍ប៉ុល ពត ។ ក្រោយមក ដោយសារបន្សល់ទុកនូវគំនរចាស់ៗ លោកតា លោកយាយ ពុទ្ធបរិស័ទ ដែលរស់នៅតំបន់នោះ ក៏បានឯកភាពគ្នាសាងសង់ព្រះវិហារថ្មីជាលើកទី២ឡើងវិញ នៅឆ្នាំ១៩៩០ ប៉ុន្តែដោយសារព្រះវិហារចាស់នេះ សាងសង់ខុសបច្ចេកទេស ធ្វើឱ្យបាក់ស្រុត និងមានសភាពចាស់ទ្រុឌទ្រោមផងនោះ ដូចនេះគណៈកម្មការវត្ត អាចារ្យ ព្រះសង្ឃ និងពុទ្ធបរិស័ទវត្ត ក៏បានប្រជុំសម្រេចរុះរើព្រះវិហារចាស់ដែលសាងសង់នៅឆ្នាំ១៩៩០នេះ ដើម្បីសាងសង់ព្រះវិហារថ្មីឲ្យស្របតាមបច្ចេកទេសត្រឹមត្រូវ ៕

Share.