សៀមរាប ៖ ជនសង្ស័យម្នាក់ប្រើល្បិច យកដីខ្សាច់ច្រកក្នុងការ៉ុងស្ករស ដឹកទៅលក់ឲ្យអាជីវករ បានលុយម្តងហើយ ម្តងទៀត ដឹងថាមិនមែនស្ករស ចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៧ ខឺឧសភា ឆ្នាំ២០២២ នៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ជនឆបោកមានឈ្មោះ រិន ចំរើន ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។ ចំណែកជនរងគ្រោះ ឈ្មោះ ហៅ លីហេង ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ នៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
តាមស្ត្រីរងគ្រោះបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ជនសង្ស័យ ជិះម៉ូតូទៅសាកសួរ លក់ស្ករស ១ការ៉ុង១០មុឺនរៀល ឃើញថោក យល់ព្រម ទិញបាន៤ការ៉ុង អស់លុយ៤០មុឺនរៀល មិនបានពិនិត្យមើលខាងក្នុង ឃើញតែសំបកក្រៅ លុះរហូតដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ទូរស័ព្ទសាកសួររកទិញបន្ថែម៥ការ៉ុងទៀត ហើយជនសង្ស័យក៏ដឹកចំនួន៥ការ៉ុងទៅលក់ឲ្យទៀត បានលុយសរុបទាំង២លើក ចំនួន៩០មុឺនរៀល ហើយស្របពេលដែលជនសង្ស័យមិនទាន់ចាកចេញទៅវិញផង ស្រាប់តែប្អូនស្រីទូរស័ព្ទប្រាប់ថា ក្នុងការ៉ុងមិនមែនស្ករសទេ ជាដីខ្សាច់ និយាយបណ្តើរយកកាំបិតវះមើលបណ្តើរ ស្រាប់តែឃើញសុទ្ធតែដីខ្សាច់មែន ស្ទុះស្រវ៉ាចាប់ជនសង្ស័យជាប់ រាយការណ៍ប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាមានចេតនា ប្រើល្បិចច្រកដីខ្សាច់បន្លំ ធ្វើជាស្ករស បោកបញ្ឆោត យកទៅលក់ពិតប្រាកដមែន ហើយកន្លងមកក៏ធ្លាប់ប្រើល្បិចបែបនេះ លក់នៅតំបន់ផ្សេងៗដែរ ។
ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួននាំយកទៅសាកសួរនៅផ្នែកជំនាញស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
អត្ថបត៖ តាតុង សែនជ័យ

