ឯកឧត្តម Anatoly BOROVIK ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅកម្ពុជា បានដឹកនាំសហការីចូលជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា នៅទីបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើងអំពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ព ជើងគោកនៃប្រទេសទាំងពីរកម្ពុជា-រុស្សី និងបានសម្តែងនូវឆន្ទៈបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ និយាយជារួម និងនិយាយដោយឡែក រវាងកងទ័ពជើងគោក ឱ្យកាន់តែសកម្ម និងរឹងមាំ។

មេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានលើកឡើងអំពីទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងប្រទេស និងប្រជាជនទាំងពីរ និងបានការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ពិសេសសកម្មភាពរួមគ្នាជាច្រើនក្នុងកម្រិតកងទ័ពជើងគោក ដូចជា ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និងការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស ជាដើម។

សូមបញ្ជាក់ជំនួបនាថ្ងៃទី១៧ឧសភាថ្មីៗនេះ គឺធ្វើឡើងក្នុងពេលរុស្សុីកំពុងស្ថិតក្នុងសង្គ្រាមជាមួយប្រទេសអ៊ុយក្រែន។ យ៉ាងណាក្នុងខ្លឹមសារផ្ដល់ជូនអ្នកសារព័ត៌មានអំពីជំនួបនោះមិនបាននិយាយអ្វីពីបញ្ហាសង្គ្រាមនោះឡើយ។ កម្ពុជា បានប្រកាសជំហរ មិនគាំទ្រសង្គ្រាមដែលរុស្សុីចូលឈ្លានពានប្រទេសអ៊ុយក្រែន និងអំពាវនាវឱ្យភាគីទាំងពីរបញ្ចប់សង្គ្រាមនេះ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យកងទ័ពវិញ កាលពីឆ្នាំ២០២១កន្លងទៅ មាននិស្សិតយោធាខ្មែរ៧នាក់បានបញ្ចប់ការសិក្សាថ្នាក់ Specialist degree (ថ្នាក់អនុបណ្ឌិតយោធា) ជំនាញវិស្វកម្ម ដោយជោគជ័យពីបណ្ឌិត្យសភាការពារអាកាស នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្សី ទីក្រុងSmolensk សហព័ន្ធរុស្ស៊ី៕

Share.