
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នឹងស្ដេចយាងបំពេញព្រះរាជទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌានាអំឡុងឆ្នាំ២០២៣ខាងមុខ។ នេះបើតាមខ្លឹមសារនៃជំនួបតាមប្រព័ន្ធវីដេអូរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា។
«ឥឡូវនេះ ភាគីទាំងពីរ កម្ពុជា និងឥណ្ឌា កំពុងតែស្វែងរកពេលវេលាសក្តិសមនៅក្នុងព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ដែលគ្រោងនឹងយាងទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌាក្នុងឆ្នាំ២០២៣» នេះជាសម្រង់ខ្លឹមសារលទ្ធផលនៃជំនួបដែលត្រូវបានបង្ហោះផ្សាយលើទំព័រហ្វេសប៊ុកសម្ដេចតេជោនាយករដ្ឋមន្ត្រីកាលពីយប់មិញ។
បើតាមសម្ដេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងដែលជាបេក្ខភាពនាយករដ្ឋមន្រ្តីនៃគណបក្សប្រជាជនកម្ពុជានាពេលអនាគតផងនោះ ក៏នឹងទៅទស្សនកិច្ចប្រទេសឥណ្ឌាក្នុងឆ្នាំ២០២២នេះដែរ ដើម្បីចូលរួមពង្រីកទំនាក់ទំនងទ្វេភាគី ជាពិសេសក្នុងការប្រារព្ធខួបទី៧០នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

នៅក្នុងជំនួបនោះដែរ សម្តេចតេជោតំណាងឱ្យប្រជាជនកម្ពុជា១៦លាននាក់ក៏បានអញ្ជើញឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌាដែលមានប្រជាជនជាង១ពាន់លាននាក់ មកបំពេញទស្សនកិច្ចមុនពេលមានកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឬនៅពេលវេលាដែលភាគីរៀបចំកិច្ចប្រជុំកំពូល នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២។
ឆ្លើយតបនឹងការអញ្ជើញដោយផ្ទាល់ពីសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា ក៏បានគូសបញ្ជាក់ដែរថា ឯកឧត្តម រំពឹងទុកថា នឹងមកទស្សនកិច្ច និងចូលរួមកិច្ចប្រជុំនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២ខាងមុខនេះ។
សូមបញ្ជាក់ថាកម្ពុជា និងឥណ្ឌា បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នារយៈពេល៧០ឆ្នាំហើយ។ ក្រោយកាត់ផ្ដាច់ចំណងការទូតក្នុងសម័យខ្មែរក្រម ទំនាក់ទំនងរវាងភ្នំពេញ និងញ៉ូដេលី បានចាប់ផ្ដើមបន្តជាថ្មីនៅឆ្នាំ១៩៨១។ ឥណ្ឌាជាប្រទេសប្រជាធិបតេយ្យទី១ដែលបានទទួលស្គាល់រដ្ឋអំណាចសាធារណៈរដ្ឋប្រជាមានិតកម្ពុជា៕

