សៀមរាប ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ខណៈដែលកំពុងអង្គុយធ្វើម៉ូតូ ត្រូវបានគោយន្តច្នៃដឹកថ្ម បើករេចង្កូតបុកចូលរោងជួសជុលម៉ូតូ កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅចំណុចខាងជើង កែងឈូកចម្ងាយ១៥ម៉ែត្រ ក្នុងភូមិឈូក ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ ហេង ហ៊ុនលី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឈូក ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលជនរងគ្រោះកំពុងអង្គុយធ្វើម៉ូតូ ស្រាប់តែគោយន្តច្នៃដឹកថ្ម បើកបរដោយឈ្មោះ សំ ពេក ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិបត់ ឃុំដូនពេង ស្រុកអង្គរជុំ ខេត្តសៀមរាប បើកបុកចូលរោងជួសជុលម៉ូតូ បណ្តាលឲ្យស្លាប់ជនរងគ្រោះម្នាក់ ហើយម៉ូតូ២គ្រឿងរងខូចខាតដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅឃាត់អ្នកបើកបរបង្ក នាំទាំងគោយន្តទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក ស្នងការខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.