កំពង់ស្ពឺ ៖ ស្លាប់២នាក់ភ្លាមៗនៅកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ បង្កឡើងដោយរថយន្តឡិចសុីស RX 300 បើកបុករះម៉ូតូសណ្តោងរុឺម៉កចំនួន២គ្រឿង កាលពីព្រលឹមថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៣៤–៣៥ ក្នុងភូមិត្រពាំងសាំងជៀក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កម៉ាកឡិចសុីស RX300 ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ2C-0102 បើកល្បឿនលឿនពីកើតទៅលិច ដល់ចំណុចកើតហេតុ ជ្រុលបុកម៉ូតូសណ្តោងរុឺម៉កចំនួន២គ្រឿង ៖ មួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះដោយជនរងគ្រោះ ជាបុរស និងមួយគ្រឿងទៀតម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះដោយជនរងគ្រោះ ជាស្ត្រី បណ្តាលឲ្យស្លាប់ទាំង២នាក់ រីឯអ្នកបើកបររថយន្តបានចុះគេចខ្លួនបាត់ ទុកតែរថយន្តនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង ស្រាវជ្រាវ រកសាច់ញាតិដើម្បីដឹកសពទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្ក និងម៉ូតូសណ្តោងរុឺម៉ក២គ្រឿង យកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក កសាងសំណុំរឿងតាមនីតិវិធី៕
អត្ថបទ៖ តាតុង សែនជ័យ

