បច្ចុប្បន្នប្រទេសស្រីលង្កាកំពុងទទួលរងនូវវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតនៅក្នុងប្រទេស ខណៈរដ្ឋាភិបាលថ្មីរបស់ប្រទេសនេះគ្រោងនឹងលក់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Sri Lankan Airlines របស់ខ្លួនដើម្បីទប់ស្កាត់ការខាតបង់ ក៏ដូចជាជួយសម្រួលដល់ការបើកប្រាក់បៀវត្ស៍ដល់បុគ្គលិករដ្ឋ ដោយជៀសវាងការបោះពុម្ពលុយបន្ថែមក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ច។

នាយករដ្ឋមន្រ្តីទើបជាប់ឆ្នោតថ្មីរបស់ប្រទេសស្រីលង្កា លោក Ranil Wickremesinghe បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រទេសជាតិកាលពីថ្ងៃពុធថា រដ្ឋបាលថ្មីគ្រោងនឹងធ្វើឯកជនភាវូបនីយកម្មក្រុមហ៊ុនអាកាសចរណ៍ស្រីលង្កា បន្ទាប់ពីក្រុមហ៊ុនដឹកជញ្ជូនមួយនេះបានខាតបង់ប្រាក់ ១២៤លានដុល្លារ គិតត្រឹមឆ្នាំ២០២០-២០២១ ដោយសារជំងឺរាតត្បាតផង នឹង មុនពេលប្រទេសជាតិត្រូវសងបំណុលបរទេសជាផ្លូវការផង។ ហើយនៅថ្ងៃទី ៣១ ខែ មីនា ឆ្នាំ២០២១ ក្រុមហ៊ុនអាកាសចរណ៍ស្រីលង្កាបានកត់ត្រាការខាតបង់សរុបចំនួនជាង ៤ពាន់៧រយលានដុល្លារអាមេរិក។

លោកនាយករដ្ឋមន្រ្តីបន្ថែមថា បើទោះបីជាពួកគេធ្វើឯកជនភាវូបនីយកម្មក្រុមហ៊ុនអាកាសចរណ៍ក៏ដោយ ក៏ពួកគេនឹងត្រូវប្រឈមមុខនឹងការខាតបង់ធ្ងន់ធ្ងរ។ ដើម្បីធានាថាវាមិនមែនជាការខាតបង់ ស្រីលង្កាអាចនឹងបញ្ចប់ការលក់ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ពួកគេចំពេលមានវិបត្តិសេដ្ឋកិច្ច។
ទន្ទឹមនោះក្រុមហ៊ុនអាកាសចរណ៍ជាតិ Sri Lankan Airlines ដែលបានចូលរួមជាមួយសម្ព័ន្ធក្រុមហ៊ុន Oneworld នឹងបានក្លាយជាដៃគូរបន្ទាប់បន្សំរបស់ក្រុមហ៊ុន Qantas ក្នុងឆ្នាំ២០១៤ ទើបតែបានបង្កើនជើងហោះហើរទៅកាន់ទីក្រុង Sydney និង Melbourne របស់អូស្ត្រាលី នាពេលថ្មីៗនេះប៉ុណ្ណោះ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍មួយនេះបានកសាងបណ្តាញហោះហើរឡើងវិញ ក្រោយកូវីដក្នុងប្រទេសបង្ហាញសញ្ញាធូរស្រាល ៕

