ភ្នំពេញ ៖ មេការសំណង់ម្នាក់ ត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់បញ្ជូនទៅតុលាការពាក់ពន្ធនិងករណី.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន.ចេញសែកស្អយនៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២  ។

ជនសង្ស័យឈ្មោះ ម៉ង់ សាម៉ន ភេទប្រុស អាយុ៤៣ ឆ្នាំ មុខរបរ អ្នកម៉ៅការសំណង់ មានទីលំនៅផ្ទះលេខ១២០ ផ្លូវ២៨ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យោងតាមអង្គហេតុបង្ហាញថា កាលពីអំឡុងឆ្នាំ២០១៨ ឈ្មោះ ម៉ង់ សាម៉ន ជាអ្នកម៉ៅការសំណង់ បានទៅទាក់ទងទិញគ្រឿងសំណង់របស់ដើមបណ្តឹងជាបន្តបន្ទាប់ សរុបទឹកប្រាក់ចំនួន ៦៧០០ ដុល្លារ ដែលការទិញគ្រឿងសំណង់នោះមេការខាងលើនេះមិនបានទូទាត់ប្រាក់ឲ្យម្ចាស់បំណុលភ្លាមៗទេ ចេះតែសុំពន្យាពេលម្តងហើយម្តងទៀត ។ រហូតដល់អំឡុងខែកញ្ញា ឆ្នាំ២០២១ ដើមបណ្តឹងបានណាត់ជួបមេការ(ម៉ង់ សាម៉ន)ដើម្បីសួរនាំលុយជំពាក់ថ្លៃគ្រឿងសំណង់នោះ ពេលជួបគ្នាមេការសំណង់បានចេញមូលប្បទានបត្រ(សែក)មួយសន្លឹកដែលមានទឹកប្រាក់ ៧៦០០ ដុល្លារ ឲ្យទៅដើមបណ្តឹង សម្រាប់យកទៅបើកនៅធនាគារ ABA ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ។

លុះដល់ថ្ងៃកំណត់ដើមបណ្តឹងបានយកមូលប្បទានបត្រនោះទៅបើកប្រាក់ពីធនាគារ ស្រាប់តែខាងធនាគារបញ្ជាក់មកវិញថា សែកនេះគ្មានសាច់ប្រាក់ទេ គឺជាសែកស្អុយ ហើយចាប់ពីពេលនោះមក មេការសំណង់ឈ្មោះ ម៉ង់ សាម៉ន ក៏បានគេចវេសពីម្ចាស់បំណុលមិនព្រមរកការដោះស្រាយ ទើបបានដើមបណ្តឹងប្តឹងសមត្តកិច្ចឲ្យជួយចាប់ខ្លួនជនសង្ស័យ ៕

អត្ថបទ៖ចតុមុខ

Share.