ពោធិ៍សាត់ ៖ យុវតីសិស្សសាលាចំនួន៦នាក់ ចុះងូតទឹកស្ទឹងលេង ជាអកុសលលង់លិចបាត់ខ្លួន៣នាក់ កាលពីល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ រហូតមកដល់រសៀលថ្ងៃទី១៩ខែឧសភាឆ្នាំ២០២២ នេះ ប្រជាពលរដ្ឋ សមត្ថកិច្ច រកសពជនរងគ្រោះមិនទាន់ឃើញ ស្ថិតនៅស្ពានក្របៅជ្រុំ ក្នុងភូមិក្របៅជ្រុំ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ក្មេងស្រីសិស្សសាលាចំនួន៦នាក់ ជិះម៉ូតូ២គ្រឿងចេញពីសាលារៀន នាំគ្នាទៅងូតទឹកលេងនៅក្រោមស្ពានក្របៅជ្រុំ ដោយក្មេងស្រីទាំងនោះ នាំគ្នាកាន់កំណាត់ឫស្សី ដើរទៅលេងទឹកទីកន្លែងជ្រៅ ស្របពេលដែលទឹកស្ទឹងក៏ហូរខ្លាំងទៀត ដើរៗក្នុងទឹក កាន់តែជ្រៅ ឃើញសភាពមិនស្រួល ដើរត្រឡប់ក្រោយ បែរជារបូតឫស្សីពីដៃ នាំគ្នាស្រវេស្រវាហែលរកកន្លែងមានសុវត្ថិភាពរៀងខ្លួន។ ក៏ប៉ុន្តែបាត់ខ្លួនក្មេងស្រី៣នាក់ ស្រែកឆោឡោ អ្នកភូមិជួយរាវរក កាលពីល្ងាចថ្ងៃដដែល តែមិនឃើញ។ រហូតដល់ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច នគរបាលស្រុក កម្លាំងស្នងការខេត្ត អាជ្ញាធរ ចុះទៅស្រាវជ្រាវ រាវរក ដល់ថ្ងៃរសៀលទៅហើយ នៅតែរកមិនទាន់ឃើញ ។

ក្មេងស្រីសិស្សសាលាទាំង៦ នាក់រួមមាន៖ ទី១ ឈ្មោះ ហឿន ស្រីល័ក្ខ អាយុ១៥ឆ្នាំ រៀននៅថ្នាក់ទី៨A , ទី២ ឈ្មោះ ហឿន ស្រីលីន អាយុ១៥ឆ្នាំ រៀននៅថ្នាក់ទី៨A , ទី៣ ឈ្មោះ គឹម សុខគៀង អាយុ១៤ឆ្នាំ រៀននៅថ្នាក់ទី៨B ទាំងបីនាក់ រស់នៅភូមិទួលពង្រ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ទី៤ ឈ្មោះ សុង សុខលី រៀននៅថ្នាក់ទី ៧E , ទី៥ ឈ្មោះ ថា ស្រីម៉ី អាយុ១៤ឆ្នាំ រៀននៅថ្នាក់ទី ៧E , ទី៦ ឈ្មោះ ជា ស្រីនាថ អាយុ១៤ឆ្នាំ រៀននៅថ្នាក់ទី៨AG ទាំងបីនាក់ រស់នៅភូមិអូររំចង់ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ចំពោះក្មេងស្រីបាត់ខ្លួន ទាំង៣នាក់ ឈ្មោះ គឹម សុខគៀង , ឈ្មោះ ជា ស្រីនាថ , ឈ្មោះ ជា ស្រីម៉ី កម្លាំងរាវរកមិនទាន់ឃើញនៅឡើយទេ៕
អត្ថបទ៖តាតុង សែនជ័យ
