កណ្តាល ៖ ស្ត្រី២នាក់រងរបួសធ្ងន់ស្រាល ខណៈដែលកំពុងជិះម៉ូតូឌុបគ្នាចេញពីធ្វើការរោងចក្រ ស្រាប់តែមានសត្វឆ្កែរត់ឆ្លងផ្លូវកាត់ពីមុខ គេចមិនទាន់ជ្រុលបុកដួលច្រងង៉ាប់ច្រងិល កាលពីវេលាម៉ោង៤និង៣៥នាទីរសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ភូមិស្រែអំពិល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

តាមបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុគេឃើញស្ត្រី២នាក់ ជិះម៉ូតូ ម៉ាកហុងដាឌ្រីម សេរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AP-9974 ជិះឌុបគ្នាទើបចេញពីរោងចក្រ ធ្វើដំណើរតាមផ្លូវបេតុងក្នុងភូមិ ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែមានសត្វឆ្កែរត់ឆ្លងផ្លូវ ធ្វើឲ្យជនរងគ្រោះហ្វ្រាំង គេចមិនទាន់ជ្រុលបុកបណ្តាលឲ្យដួល ម្នាក់របួសធ្ងន់បាក់កជើងឆ្វេង ម្នាក់របួសស្រាល ។

ក្រោយកើតហេតុ ភ្លាមៗត្រូវបានអ្នកភូមិជួយលើកទៅដាក់លើគ្រែមុខផ្ទះ រងចាំក្រុមគ្រួសារដឹកជូនទៅមន្ទីរពេទ្យ ចំណែកអ្នករងរបួសស្រាល បងប្អូនសាច់ញាតិនាំយកទៅពេទ្យក្បែរនោះ ៕

