ភ្នំពេញ-កម្លាំងសមត្ថកិច្ចខេត្តកណ្តាលសហការជាមួយសមត្ថកិច្ចរាជធានីភ្នំពេញឃាត់ខ្លួនបុរសវ័យ៨៤ឆ្នាំម្នាក់និងស្ត្រីទិញលក់ទិញនិងបញ្ចាំទូរស័ព្ទមួយកន្លែងស្ថិតនៅផ្លូវលេខ៦៣កែងនិងផ្លូវលេខ១៤៦ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៩ ខែឩសភា ឆ្នាំ២០២២។

ប្រភពព័ត៌មានពីជនរងគ្រោះដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៨ខែឧសភាឆ្នាំ២០២២ ស្ថិតនៅផ្ទះជនរងគ្រោះនៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។មុនកើតហេតុស្ត្រីរងគ្រោះបានទុកទូរស័ព្ទម៉ាកអាយហ្វូន១១ប្រូមេកនៅកន្លែងមួយស្រាប់តែលេចមុខជនសង្ស័យបានធ្វើសកម្មភាព លួចយក។ក្រោយមកខ្លួនបានឆែកតាមកាំម៉ារ៉ាសុវត្ថិភាពឃើញជន សង្ស័យ វ័យ៨៤ឆ្នាំបានចូលទៅលួចទូរស័ព្ទរបស់គាត់ ហើយជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដើមមៀននៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។

ក្រោយពេលសមត្ថកិច្ចទទួលពាក្យបណ្តឹងពីជនរងគ្រោះរួចរាល់ហើយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលក្រុងតាខ្មៅបានឃាត់ខ្លួនជនសង្ស័យមកសាកសួរតាមនីតិវិធី។ យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ វ័យ៨៤ឆ្នាំរូបនេះបានសារភាពថារូបគាត់ពិតជាបានធ្វើសកម្មភាពមកលបលួចយកទូរស័ព្ទដៃមួយគ្រឿងម៉ាក អាយហ្វូន១១ប្រូមេកពីជនរងគ្រោះយកមកបញ្ចាំនៅម្តុំផ្សារទំនើបសូរិយាម៉លផ្លូវលេខ៦៣កែងនិងផ្លូវ១៤៦ ពិតប្រាកដមែន។

បន្ទាប់ពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ សមត្ថកិច្ចបានដឹកជនសង្ស័យមកចង្អុលទីតាំងបញ្ចាំនោះដោយជនសង្ស័យបញ្ចាំចំនួនតែ៥០០០០០រៀលប៉ុណ្ណោះ ដោយម្ចាស់ទូរស័ព្ទគាត់ខ្ជិលវែងឆ្ងាយសុខចិត្តចេញថ្លៃលោះយកទូរស័ព្ទពីកន្លែងបញ្ចាំឲ្យតម្លៃ១០០ដុល្លារវិញ តែខាងស្ត្រីដែលជាម្ចាស់ទីតាំងមិនព្រមទទួលយកទើបសមត្ថកិច្ចនគរបាលខណ្ឌដូនពេញសហការជាមួយកម្លាំងជំនាញនគបាលជំនាញខេត្តកណ្តាលនាំខ្លួនស្ត្រីម្ចាស់ទីតាំងដែលទទួលផលចោរកម្មខាងលើនិងជនសង្ស័យមកសាកសួរនិងចាត់ការតាមនីតិវិធី៕
អត្ថបទ៖សេង សាវី
