ទីក្រុងមូស្គូបាននិយាយថា ត្រូវតែពិនិត្យឡើងវិញចំពោះទណ្ឌកម្មដែលធ្លាប់ដាក់លើប្រទេសរុស្ស៊ី ប្រសិនបើខ្លួនព្រមធ្វើតាមការអំពាវនាវរបស់អង្គការសហប្រជាជាតិ ក្នុងការបើកច្រកកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន ដើម្បីឲ្យមានការនាំចេញទំនិញឡើងវិញ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Interfax។

អ៊ុយក្រែនដែលជាប្រទេសផលិតគ្រាប់ធញ្ញជាតិដ៏ធំបំផុតមួយរបស់ពិភពលោក ធ្លាប់នាំចេញទំនីញភាគច្រើនរបស់ខ្លួនតាមរយៈកំពង់ផែសមុទ្រខ្មៅនេះ ប៉ុន្ដែចាប់តាំងពីរុស្ស៊ីបានបញ្ជូនទាហានទៅអ៊ុយក្រែន ប្រទេសនេះត្រូវបង្ខំឲ្យនាំចេញទំនិញរបស់ខ្លួនតាមរថភ្លើង ឬ តាមច្រកទន្លេ Danube ដ៏តូចរបស់ខ្លួន។

ប្រធានផ្នែកស្បៀងអាហាររបស់អង្គការសហប្រជាជាតិ លោក David Beasley បានអំពាវនាវនាថ្ងៃពុធ សប្ដាហ៍នេះ ទៅកាន់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដោយនិយាយថា «ប្រសិនបើអ្នកមានបេះដូង សូមបើកច្រកទាំងនេះទៅ»។

ការដាក់លក្ខខណ្ឌឲ្យត្រួតពិនិត្យលើបញ្ជីទណ្ឌកម្មឡើងវិញរបស់រុស្ស៊ី កើតឡើងមួយថ្ងៃបន្ទាប់ពី អង្គការសហប្រជាជាតិព្រមានថា ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន អាចបណ្ដាលឲ្យមានកង្វះខាតស្បៀងអាហារជាសកល ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

ជម្លោះរវាងប្រទេសទាំង២ បានកាត់ផ្ដាច់ការផ្គត់ផ្គង់ចេញពីកំពង់ផែរបស់អ៊ុយក្រែន ដែលប្រទេសនេះធ្លាប់នាំចេញប្រេងឆាក្នុងបរិមាណដ៏ច្រើន ព្រមទាំងធញ្ញជាតិដូចជា ពោត បាឡេ ស្រូវសាលី ប្រេងផ្កាឈូករ័ត្ន និង ប្រេង Rapeseed ជាដើម។

កត្ដាទាំងនេះបានកាត់បន្ថយការផ្គត់ផ្គង់សកល និង បណ្ដាលឲ្យតម្លៃកើនឡើងខ្ពស់។ យោងតាមរបាយការណ៍អង្គការសហប្រជាជាតិ តម្លៃអាហារជាសកលគឺសឹងតែខ្ពស់ជាងពេលមុន ៣០% បើប្រៀងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។​

អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បាននិយាយថា សង្រ្គាមនេះបានធ្វើឲ្យអសន្តិសុខស្បៀងអាហារកាន់តែអាក្រក់ទៅៗនៅក្នុងប្រទេសក្រីក្រ ដោយសារតែតម្លៃកើនឡើងខ្ពស់ពេក។ លោកថា ប្រជាជនរាប់សិបលាននាក់នឹងជួបនូវកង្វះខាតអាហាររូបត្ថម្ភ ភាពអត់ឃ្លាន និង ប្រឈមមុននឹងគ្រោះទុរ្ភិក្សដែលអូសបន្លាយពេលច្រើនឆ្នាំ ប្រសិនបើការនាំចេញរបស់អ៊ុយក្រែនមិនត្រូវបានស្ដារឡើងវិញទេនោះ។

សូមជម្រាបថា ការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីដែលលោកខាងលិចបង្កើតឡើងពេលដែលមានការឈ្លានពានលើអ៊ុយក្រែននោះ ប្រៀបបានដូចជាពួកគេបានបិទខ្ទប់ខ្លួនឯងមិនឲ្យមានផ្លូវដើរដូច្នោះដែរ៕

ប្រភព៖ Aljazeera

Share.