រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានចោទប្រកាន់រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ ទី ១៩ ខែ ឧសភា ថា បានប្រើប្រាស់ស្បៀងអាហារជាអាវុធក្នុងប្រទេសអ៊ុយក្រែន តាមរយៈការយកស្បៀងអាហារជាចំណាប់ខ្មាំង ដោយការផ្គត់ផ្គង់មិនមែនសម្រាប់តែប្រជាជនអ៊ុយក្រែនរាប់លាននាក់ប៉ុណ្ណោះទេ ប៉ុន្ដែគឺសម្រាប់មនុស្សរាប់លាននាក់ផ្សេងទៀតនៅជុំវិញពិភពលោកដែលពឹងផ្អែកលើការនាំចេញរបស់អ៊ុយក្រែនផងដែរ។
ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក Blinken បានអំពាវនាវដល់ប្រទេសរុស្ស៊ីឲ្យបញ្ឈប់ការបិទច្រកកំពង់ផែអ៊ុយក្រែន ខណៈរុស្ស៊ីបានប្រកាសថា បើសិនជាចង់ឲ្យខ្លួនបើកច្រកកំពង់ផែ លុះត្រាតែដកទណ្ឌកម្មដែលធ្លាប់ប្រឆាំងរុស្ស៊ីជាមុនសិន។

លោកប្រមុខការទូតអាមេរិករូបនេះបានលើកឡើងថា «រដ្ឋាភិបាលរុស្ស៊ីហាក់ដូចជាកំពុងគិតថា ការប្រើប្រាស់ស្បៀងអាហារធ្វើជាអាវុធនឹងជួយសម្រេចនូវអ្វីដែលការឈ្លានពានមិនអាចសម្រេចបាន គឺបំបាក់ស្មារតីរបស់អ៊ុយក្រែន។ ការផ្គត់ផ្គង់ស្បៀងអាហារសម្រាប់ប្រជាជនអ៊ុយក្រែនរាប់លាននាក់ និង សម្រាប់មនុស្សរាប់លាននាក់ទៀតនៅជុំវិញពិភពលោក គឺត្រូវបានយោធារុស្ស៊ីចាប់ធ្វើជាចំណាប់ខ្មាំងយ៉ាងពិតប្រាកដ»។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំនៅ UN លោក Vassily Nebenzia បាននិយាយថា វាគឺជារឿងមិនពិតទាល់តែសោះ ក្នុងការទម្លាក់កំហុសមកលើប្រទេសរុស្ស៉ី សម្រាប់វិបត្តិស្បៀងអាហារពិភពលោក ដែលបានលេចឡើងអស់រយៈពេលប៉ុន្មានឆ្នាំមកហើយ។

លោក Nebenzia បានចោទប្រកាន់អ៊ុយក្រែនថា បានបង្ខាំងទុកកប៉ាល់បរទេស នៅតាមកំពង់ផែរបស់ខ្លួន និងដាក់ពង្រាយមីននៅលើផ្ទៃសមុទ្រ ហើយបើតាមការអះអាងរបស់លោក Nebenzia គឺយោធារុស្ស៉ីឯណោះទេ ដែលបានព្យាយាមជាច្រើនសា ដើម្បីបើកច្រករបៀងសុវត្ថិភាព សម្រាប់កប៉ាល់នានា។
នៅចំពោះមុខវិបត្តិសង្រ្គាមអ៊ុយក្រែន តម្លៃនៃគ្រាប់ធញ្ញជាតិ, ប្រេងនិងឥន្ធនៈសម្រាប់ចម្អិនអាហារ និងជីកសិកម្ម មានការកើនឡើងយ៉ាងខ្ពស់ជាសកល។ ខណៈរុស្ស៉ី និង អ៊ុយក្រែន រួមបញ្ចូលទទួលបន្ទុកជិត១ភាគ៣ នៃការផ្គត់ផ្គង់ស្រូវសាលីទូទាំងពិភពលោក។ មួយវិញទៀត អ៊ុយក្រែនក៏ជាអ្នកនាំចេញធំមួយ នៃដំណាំពោត, ស្រូវបាឡេ និង ប្រេងសម្រាប់ចម្អិនអាហារ ផងដែរ ខណៈរុស្ស៉ីហើយនិង បេឡារុសដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៉ី រ៉ាប់រងជាង៤០ភាគរយ នៃការនាំចេញសមាសធាតុផ្សំដ៏សំខាន់មួយ នៅក្នុងជីកសិកម្មរបស់ពិភពលោក៕
ចុចអាន៖ រុស្ស៊ីថាបើចង់ឲ្យបើកច្រកកំពង់ផែអ៊ុយក្រែន ត្រូវពិនិត្យមើលឡើងវិញនូវទណ្ឌកម្មកន្លងមក

