
សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក រយៈពេល៥ថ្ងៃ នៅប្រទេសស្វីស។ សម្ដេចបានអញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅរាត្រីថ្ងៃសុក្រទី២០ ឈានចូលថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២។ កិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក នឹងត្រូវធ្វើឡើងក្រោមមូលបទ «ការត្រៀមខ្លួនសម្រាប់យុគសម័យក្រោយជំងឺកូវីដ» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងដាវ៉ស-ក្លូស្ទ័រ (Davos-Klosters) ប្រទេសស្វីស។
សម្ដេចតេជោបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ គឺតបតាមការអញ្ជើញរបស់លោកសាស្រ្តាចារ្យ ក្លោស ឆ្វាប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក ហើយសម្ដេចនឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបិទកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធក្រោមប្រធានបទ “ទស្សនវិស័យយុទ្ធសាស្ត្រលើអាស៊ាន” និងនៅក្នុងកម្មវិធីអាហារការងារថ្ងៃត្រង់ក្រៅផ្លូវការជាមួយថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ «ការស្តារសន្តិភាព និងសណ្តាប់ធ្នាប់ឡើងវិញ»។

ក្រៅពីអញ្ជើញចូលរួមក្នុងវេទិកាខាងលើ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏រំពឹងថា នឹងមានជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃប្រទេសមួយចំនួន ក៏ដូចជាទទួលការចូលជួបសម្តែងការគួរសមពីសំណាក់ឥស្សរជននយោបាយ និងធុរជនពិភពលោកផងដែរ។ នេះបើតាមខ្លឹមសារព័ត៌មានបង្ហោះផ្សាយលើទំព័រហ្វេសប៊ុកសម្ដេចតេជោនាយករដ្ឋមន្រ្តី។
ក្នុងឱកាសស្នាក់នៅប្រទេសស្វីស សម្តេចតេជោក៏នឹងអញ្ជើញថ្លែងសុន្ទរកថាបើក «រាត្រីកម្ពុជា» (CAMBODIA NIGHT) ដែលជាព្រឹត្តការណ៍រៀបចំដោយក្រុមហ៊ុន វើលដ៏ ប្រ៊ីជ គ្រុប (WorldBridge Group) ក្នុងគោលបំណង ដើម្បីលើកស្ទួយអំពីធុរកិច្ចបរទេសនៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏នឹងជួបសំណេះសំណាលជាមួយបងប្អូនជនរួមជាតិខ្មែរ ដែលរស់នៅប្រទេសស្វីស និងបណ្តាប្រទេសអឺរ៉ុបផងដែរ។
សូមបញ្ជាក់ថាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទើបតែបញ្ចប់ទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាន អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីពេលថ្មីៗនេះ។ នៅសហរដ្ឋអាមេរិក សម្ដេចតេជោបានជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែររស់នៅអាមេរិក និងកាណាដា ប្រមាណជាង២ពាន់នាក់ ក្នុងបរិយាកាសប្រកបដោយមនោសញ្ចេតនាខ្មែរស្រលាញ់ខ្មែរយ៉ាងកក់ក្ដៅបំផុត៕

