
ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជកម្ម ត្រូវផ្អាកការលក់ និងទទួលទានគ្រឿងស្រវឹងរយៈពេល២ថ្ងៃ នៅមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត ពោលគឺនៅថ្ងៃទី៤ និងថ្ងៃទី៥ ខែឧសភា មិថុនា ឆ្នាំ២០២២នេះ។ នេះជាខ្លឹមសារនៃសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ចុះហត្ថលេខាដោយសម្ដេចអគ្គមហាសេនាបតីតជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។
បើតាមរាជរដ្ឋាភិបាល ការផ្អាកនេះ គឺដើម្បីរួមចំណែកទប់ស្កាត់អំពើហិង្សា ការគំរាមកំហែង ការបំភិតបំភ័យ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម និងបាតុភាពនានាដែលបណ្ដាមកពីការទទួលទានគ្រឿងស្រវឹងគ្រប់ប្រភេទ នៅក្នុងឱកាសនៃការប្រព្រឹត្តទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ឆាប់ៗខាងមុខនេះ។
រាជរដ្ឋាភិបាលក៏បានណែនាំក្រសួងស្ថាប័ន អាជ្ញាធរ កងកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថ ត្រូវអប់រំផ្សព្វផ្សាយ ណែនាំប្រជាពលរដ្ឋខ្មែរ និងជនបរទេសទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួនចូលរួមអនុវត្តការផ្អាកការលក់ដូរ និងពិសារគ្រឿងស្រវឹងនេះ ដើម្បីធ្វើឱ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅក្នុងបរិយាកាសនយោបាយល្អ សេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា។
មិនដល់២សប្ដាហ៍ទៀតទេ នឹងឈានដល់ការអនុវត្តការផ្អាកលក់ដូរ និងទទួលទានគ្រឿងស្រវឹងនេះហើយ។ នៅថ្ងៃទី២១ ខែឧសភានេះ ជាំថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតដែលមានរយៈពេល១៤ថ្ងៃ។ នៅថ្ងៃទី៤ ខែមិថុនា គឺជាថ្ងៃ ស ដែលគ្រប់គណបក្សនយោបាយត្រូវផ្អាកសកម្មភាពឃោសនា ទន្ទឹមគ្នានឹងការចាប់ផ្ដើមផ្អាកលក់ដូរ និងទទួលទានគ្រឿងស្រវឹងផងដែរ ខណៈថ្ងៃទី៥ គឺជាថ្ងៃបោះឆ្នោត៕

