ភ្នំពេញ ៖ បុរសម្នាក់ ឃើញយប់ស្ងាត់ បើកម៉ូតូបំបោលលឿន ទាំងបំពានភ្លើងស្តុប តែបែរជាទៅបុករថយន្តព្រុសទៅវិញ បណ្តាលឲ្យស្លាប់ពេលដឹកបញ្ជួនដល់គ្លីនិក កាលពីវេលាម៉ោង១រំលងអធ្រាត្រចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៨២ កែងផ្លូវលេខ២៦១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ហុង គឹមស្រូ ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងមានស្រុកកំណើតនៅឯខេត្តបាត់ដំបង ។
តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ភាគីខាងម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ1BQ-9025 ជិះតាមបណ្តោយផ្លូវលេខ២៦១ ក្នុងទិសដៅពីជើងទៅត្បូង ដល់ចំណុចកើតហេតុ មិនបានគោរពភ្លើងស្តុប នៅតែបន្តបន្ថែមល្បឿន ក៏ជ្រុលទៅបុក ពីទទឹងរថយន្តម៉ាកព្រុស ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2BQ-8691 ដែលបើកបរ តាមបណ្ដោយផ្លូវលេខ១៨២ ពីកើតទៅលិច បណ្តាលឲ្យដួលរងរបួសធ្ងន់ត្រូវបានរថយន្តគ្លីនិកដឹកយកទៅសង្គ្រោះ។ ជាអកុសលជនរងគ្រោះបានស្លាប់ ទើបដឹកយកមកវិញ។ក្រោយពីបាន ដឹងថាជនរងគ្រោះបានស្លាប់ ភាគីខាងរថយន្តបានបើករថយន្តគេចចេញទៅបាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចប្រគល់សពជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបន្តស្រាវជ្រាវស្វែងរករថយន្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕
អត្ថបទ៖តាតុង សែនជ័យ
