ព្រះវិហារ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែង ខណៈដែលកំពុងបើកត្រាក់ទ័រសុីឈ្នួលភ្ជួរដីចំការឲ្យគេ បែរជាជាន់បះចំមីនតោន ផ្ទុះកក្រើកដី រីឯត្រាក់ទ័ររងខូចខាតទាំងស្រុង ផ្អើលអ្នកស្រុក សមត្ថកិច្ច កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចខាងលិចភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ជនរងគ្រោះមានឈ្មោះ រី លីន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរសុីឈ្នួលបើកត្រាក់ទ័រភ្ជួរដី មានទីលំនៅភូមិអន្លង់វែង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបើកត្រាក់ទ័រសុីឈ្នួលភ្ជួរដីចំការឲ្យគេ ហើយខណៈដែលកំពុងភ្ជួរដី ជាអកុសលបើកជាន់ចំមីនតោន បណ្តាលឲ្យផ្ទុះ ស្លាប់ ចំណែកត្រាក់ទ័រទទួលរងខូចខាតទាំងស្រុង ។ក្រោយកើតហេតុ អាជ្ញាធរ សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង រួចប្រគល់សពជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ។

តាមអាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋាន មុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល ៕

Share.