ខេត្តព្រះសីហនុ៖ សមត្ថកិច្ចខេត្តក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ដែលបានធ្វើសកម្មភាពលួចគាស់ទម្លាយទូរកុងតឺន័រ ​ដើម្បីលួចយកសម្ភារៈនៅក្នុងទូរ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តបានឲ្យដឹងថា នគរបាលជំនាញ នៃស្នងការដ្ឋាននគរ បាលខេត្ត បានបង្ក្រាបករណី គាស់ទម្លុះទម្លាយ (លួចមានស្ថានទម្ងន់ទោស) ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ រួមនិងវត្ថុតាង១ចំនួន។

កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៥ និង ៣០នាទី មានប្រជាពលរដ្ឋបានប្តឹងរាយការណ៍ មកកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រតិស្រាល ថា មានជនសង្ស័យ ០២នាក់ កំពុងធ្វើសកម្មភាពគាស់ទម្លុះទម្លាយទូរកុងតឺន័រ លួចយកសម្ភារៈ នៅចំណុចក្បែរអាគារមួយកន្លែង ស្ថិតនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ បន្ទាប់ពីទទួលបានពត៌មាននេះភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការចាប់ឃាត់ខ្លួនបានជនសង្ស័យ ០២នាក់។

ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមានដូចជា ម៉ូតូចំនួន២គ្រឿង ម៉ាក PCX ០១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CH-5298 និងម៉ូតូអូសរ៉ឺម៉ក់ ០១ គ្រឿងគ្មានស្លាកលេខ​, ទូរស័ព្ទចំនួន០២ គ្រឿង គ្រឿង ញៀន ០១ កញ្ចប់តូច រួមនិងសម្ភារៈសម្រាប់គាស់ទូរកុងតឺន័រមួយចំនួនផងដែរ។


បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមនិងវត្ថុតាងត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

អត្ថបទ៖ ក្រុងព្រហសីហនុ

Share.