ភ្នំពេញ៖ស្រ្តីម្នាក់បើករថយន្ដព្រុសលឿនខ្វះការប្រុងប្រយ័ត្នរេចង្កូតជ្រុលបុករថយន្តហាយឡែនឌ័ររុញបុកបន្តកន្ទុយគ្នារងការខូចខាតរថយន្ត២គ្រឿងកង់បីមួយគ្រឿងនិងម៉ូតូមួយគ្រឿងបន្ថែមទៀត សំណាងល្អគ្មានអ្នករងរបួសឬ បាត់បង់ជីវិត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង៣០ព្រឹកថ្ងៃទី២៣ ខែឧសភាឆ្នាំ ២០២២ ស្ថិតនៅផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ស្រ្តីបេីកបររថយន្តបង្កមានឈ្មោះ ញឹម ចាន់ណា អាយុ៣១ឆ្នាំមុខរបរបុគ្គលិកធនាគារ។តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តមួយគ្រឿងហាយម៉ាកឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2U-8109បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ទៅដៅពីត្បូងទៅជើង។លុះពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តព្រុសមួយគ្រឿងពណ៌ទឹកប្រាក់បើកបរដោយស្ត្រីម្នាក់ក្នុងល្បឿនលឿនធ្វើដំណើរក្នុងទិសដៅស្របគ្នាបានជ្រុលចង្កូតបុករថយន្តហាយឡែនឌ័រពីក្រោយពេញទំហឹងកៀបជាប់គ្នាហើយរថយន្តហាយឡែនឌ័រជ្រុលទៅបុកកង់បីឥណ្ឌាមួយគ្រឿងនិងម៉ូតូ pcx មួយគ្រឿងទៀតរងការ ខូចខាតយ៉ាងដំណាំ ។រថយន្តព្រុសខូចខាតចំហៀងមុខខាងស្ដាំចំណែករថយន្តហាយឡែនឌ័រខូចខាតចំហៀងក្រោយខាងឆ្វេង សំណាងល្អដែលមិនបង្កឲ្យមានអ្នករងរបួសនៅក្នុងហេតុការណ៍នេះ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចូលមកដល់ជួយសម្រួលចរាចរណ៍ បាញ់ថ្នាំយកមធ្យោបាយដាក់អែបខាងទុកឲ្យភាគទី ទាំងសងខាងសម្របសម្រួលគ្នា។ក្រោយមកស្រី្តបើករថយន្តបង្កព្រមចេញថ្លៃសំណង ខូចខាតទាំងអស់ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
អត្ថបទ៖សេង សាវី
