
ពីវេទិកាអធិបតីនៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា១ខ្នង នៅអនុវិទ្យាល័យខ្នាចរមាស ស្ថិតនៅស្រុកបរវេល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៣ ខែឧសភានេះ សម្ដេចក្រឡាហោម ស ខេង ក្នុងឋានៈជានាយករដ្ឋមន្រ្តីស្ដីទីនៃរាជរដ្ឋាភិបាលកម្ពុជាផងនោះ បានបង្ហាញមោទកភាពដែលក្រុមអ្នកដឹកនាំជំនាន់សម្ដេច ពិសេសនៅក្រោយសម័យខ្មែរក្រហមបានខិតខំប្រឹងប្រែងស្ដារ និងអភិវឌ្ឍន៍ប្រទេសជាតិ រួមទាំងការប្រឹងប្រែងបណ្ដុះបណ្ដាលធនធានមនុស្ស ការតស៊ូជម្នះការលំបាកនានារហូតអាចកែប្រែប្រទេសដ៏កំសត់មួយនេះពីចំណុចសូន្យឱ្យមានអ្វីៗល្អប្រសើរដូចដែលប្រជាពលរដ្ឋបានឃើញនាពេលសព្វថ្ងៃ។
សម្ដេចក្រឡាហោម បានមានប្រសាសន៍ក្នុងន័យដើមថា «ពួកយើងខ្ញុំនេះ មិនមែនចេះតែកេះកៃបាញ់កាំភ្លើងក្នុងសង្គ្រាមទេ យើងមកដឹកនាំសេដ្ឋកិច្ចក៏បាន មកដឹកនាំវិស័យអប់រំកសាងធនធានមនុស្សក៏បាន ដឹកនាំនយោបាយការបរទេសក៏បាន យើងធ្វើបាន។ តាំងពីយើងឯកោ គេហុំព័ទ្ធខាងនយោបាយផង សេដ្ឋកិច្ចផង ឥលូវនេះទៅជាកម្ពុជាដើរតួនាទៅដើម្បីរួមចំណែកដោះស្រាយវិបត្តិនានានៅលើសាកលោក និងក្នុងតំបន់។ យើងធ្វើបាន ដោយសារយើងឆ្លងកាត់បទពិសោធន៍ ហើយការប្ដេជ្ញាចិត្ត និងឆន្ទៈនយោបាយដើម្បីជាតិ ដើម្បីប្រជាពលរដ្ឋ»៕
