រូបភាព ដោយក្រុមការងារផេកហ្វេសប៊ុកសម្ដេចក្រឡាហោម ស ខេង

«យើងទាំងអស់គ្នាអរគុណសន្តិភាព!» នេះគឺជាប្រយោគដំបូងគេដែលសម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទីនៃរាជរដ្ឋាភិបាលកម្ពុជា ថ្លែងតាមឧឃោសនសព្ទនាឱកាសអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងពិធីសម្ពោធអគារសិក្សាមួយខ្នងនៅស្រុកបរវេល ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៣ ខែសភា ឆ្នាំ២០២២នេះ។​ គេអាចតាមដានប្រសាសន៍សម្ដេចក្រឡាហោម ស ខេង បន្ថែមបានតាមរយៈវីដេអូផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់សម្ដេច។

សម្ដេចក្រឡាហោម ស ខេង ដែលក៏ជាប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជាផងដែរ ក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេស្វីសនោះ បានចោទជាសំណួរបំផុសទៅកាន់អង្គពិធីថាតើហេតុអ្វីពួកយើងត្រូវអរគុណសន្តិភាព? ដោយសម្ដេចបានថ្លែងពន្យល់់ក្នុងន័យដើមថា «គឺដោយសារទម្រាំមានសុខសន្តិភាពនេះ កម្ពុជាយើងបានឆ្លងកាត់ការលំបាកច្រើនណាស់ ដូច្នេះកម្ពុជាត្រូវចងចាំប្រវត្តិដ៏ជូរចត់នេះ»។

បើតាមសម្ដេចក្រឡាហោម ការដណ្ដើមបានសន្តិភាពនេះ កម្ពុជាត្រូវលះបង់ជនរួមជាតិ លះបង់សាច់ស្រស់ ឈាមស្រស់ និងមានការធ្វើពលីកម្មគ្រប់បែបយ៉ាងទាំងពីប្រជាពលរដ្ឋ កងយោធពលខេមរភូមិន្ទ នគរបាលជាតិ មន្រ្តីរាជការ និងរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ។

សម្ដេចបានជម្រាបជូនប្រជាពលរដ្ឋស្រុកបរវេលថា ព្រោះតែសន្តិភាពនេះហើយទើបកម្ពុជាអាចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងមាននូវអ្វីៗដែលមិនធ្លាប់មានពីអតីតកាល៕

Share.