ភ្នំពេញ៖មានករណីឆ្លងចរន្តអគ្គិសនីឆេះពូកក្នុងបន្ទប់ជួលបណ្ដាលអោយយុវតីម្នាក់ថប់ដង្ហើមស្លាប់មួយរំពេច នៅវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ស្ថិតនៅចំណុចបន្ទប់ជួលភូមិសន្សុំកុសល៤ សង្កាត់ បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពយុវតីរងគ្រោះមានឈ្មោះ ជ័យ ឡាំងស៊ីម អាយុ១៤ឆ្នាំ ស្នាក់នៅជាមួយម្តាយឪពុកនៅចំណុចបន្ទប់ជួលកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិសូកៀន ឃុំសុកៀន ស្រុកកងមាស ខេត្តកំពង់ចាម។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុម្តាយឪពុករបស់យុវតីរងគ្រោះខាង លើបានចុះមកខាងក្រោមនៃបន្ទប់ជួលធ្វើម្ហូបដើម្បីយកទៅលក់ ។ ចំណែកយុវតីរងគ្រោះនៅបន្ទប់ជួលជាន់ លើតែម្នាក់ឯង មួយសន្ទុះក្រោយមកគេបានឃើញផ្សែងហុយចេញពីបន្ទប់ជួលបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាជួយយកបំពង់បាញ់ពន្លត់អគ្គិភ័យនិងទាញទុយោទឹកជួយបាញ់ទឹកទប់ស្កាត់កុំឲ្យមានការរាលដាលបន្តដល់បន្ទប់ជួលដែលនៅជាប់ៗគ្នា។ពេលដែលភ្លើងរលត់គេក៏បានប្រទះឃើញយុវតីខាងលើនៅក្នុងបន្ទប់ទឹកមានរបួសរលាកភ្លើងពេញមុខនិងដងខ្លួនសន្លប់បាត់ស្មារតីឈឹង ទើបអ្នកជិតខាងនាំគ្នាជួយសែងយកមកដាក់ខាងក្រោមបន្ទប់ជួយធ្វើចលនា និងហៅរថយន្តពេទ្យដឹកជនរងគ្រោះដើម្បីយកទៅសង្រ្គោះ តែជាអកុសលគ្រូពេទ្យបានប្រាប់ ថាយុវតីខាងលើថប់ដង្ហើមស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងទំពន់១សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យចុះទៅពិនិត្យនៅទីតាំងកើតហេតុខាងលើនិងបានធ្វើកំណត់ហេតុប្រគល់ សពទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

ដោយ សេង សាវី
