អង្គការសុខភាពពិភពលោក WHO រំពឹងថា នឹងអាចរកឃើញករណីជំងឺអុតស្វាបន្ថែមទៀត ខណៈដែលខ្លួនពង្រីកការឃ្លាំមើលនៅតាមបណ្ដាប្រទេសទូទាំងពិភពលោក។
ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយថា គិតត្រឹមថ្ងៃសៅរ៍នេះ ករណីដែលបានបញ្ជាក់ចំនួន ៩២ករណី នឹង ករណីសង្ស័យថាកើតជំងឺអុតស្វា ២៨ករណី ត្រូវបានរាយការណ៍ពីរដ្ឋសមាជិកចំនួន ១២។ WHO បន្ថែមថា ខ្លួននឹងផ្ដល់ការណែនាំ និង អនុសាសន៍ បន្ថែមទៀតដល់ប្រទេសនានាក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ អំពីរបៀបកាត់បន្ថយ ការឆ្លងរីករាលដាលនៃជំងឺនេះ។

អង្គការសុខភាពពិភពលោកបានឲ្យដឹងថា «តាមព័ត៌មានដែលដឹងច្បាស់នាពេលបច្ចុប្បន្ន ការឆ្លងពីមនុស្សទៅមនុស្សកំពុងកើតមានឡើងក្នុងចំណោមអ្នកដែលមានទំនាក់ទំនងរាងកាយជិតស្និទ្ធជាមួយករណីដែលមានរោគសញ្ញា»។
ជាធម្មតា ជំងឺនេះអាចបណ្ដាលឲ្យអ្នកឆ្លង មានអាការៈដូចជា ក្ដៅខ្លួន ឡើងកន្ទួល ដុំពកៗលើស្បែក។ អ្នកដែលឆ្លងជំងឺនេះអាចជាសះស្បើយក្នុងរយៈពេល ២ ទៅ ៤ សប្ដាហ៍ ដោយមិនចាំបាច់ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យទេ ប៉ុន្ដែករណីខ្លះជំងឺនេះក៏អាចបណ្ដាលឲ្យអ្នកឆ្លងបាត់បង់ជីវិតផងដែរ។

ថ្វីត្បិត ជំងឺនេះបានឆ្លងរីករាលដាលដោយការទំនាក់ទំនងជិតស្និទ្ធ ដូច្នេះវាអាចគ្រប់គ្រងបានតាមរយៈវិធានការដូចជា ការដាកឲ្យនៅដាច់ដោយឡែក បែងចែកវត្ថុប្រើប្រាស់ផ្សេងពីអ្នកដទៃ និង រក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន៕

