ទាហានរុស្ស៊បានបោសសម្អាតមីន និង កម្ទេចកម្ទីនៅតំបន់ឧស្សាហកម្មនៃរោងចក្រដែក Azovstal ក្នុងទីក្រុង Mariupol កាលពីថ្ងៃអាទិត្យ បន្ទាប់ពីកងកម្លាំងអ៊ុយក្រែនរាប់រយនាក់បានជាប់គាំងនៅក្នុងរោងចក្រដ៏ធំនេះអស់រយៈពេលជាច្រើនសប្ដាហ៍ ត្រូវបានបញ្ជាឲ្យទម្លាក់អាវុធចុះចាញ។

ទាហានរុស្ស៊ីជាច្រើនបានដើរត្រួតពិនិត្យក្នុងបរិវេណរោងចក្រខាងលើហើយបានប្រើឧបករណ៍រាវរកមីន និង សម្អាតកម្ទេចកម្ទីនានានៅទីនោះ។

ទាហានរុស្ស៊ីម្នាក់ឈ្មោះ Nom De Guerre Babai បាននិយាយថា «ភារកិច្ច គឺធំណាស់​ សត្រូវបានដាក់ពង្រាយគ្រាប់មីន ហើយយើងក៏បានពង្រាយមីនប្រឆាំងវិញផងដែរ ខណៈយើងមានការងាររយៈពេល ២-៣សប្ដាហ៍ ទៅមុខទៀត។ ក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះ គ្រឿងផ្ទុះជាង ១០០គ្រឿង ត្រូវបានបំផ្លាញហើយការងារយើងនៅតែបន្ដ»។

ប្រទេសរុស្ស៊ីកាលពីថ្ងៃសុក្រ បាននិយាយថា ក្រុមយុទ្ធជនអ៊ុយក្រែនចុងក្រោយដែលតស៊ូការពាររោងចក្រ Azovstal បានទម្លាក់អាវុធចុះចាញ់ហើយ។

គួរបញ្ជាក់ថា ការបញ្ចប់នៃការប្រយុទ្ធគ្នានៅទីក្រុង Mariupol ដែលជាទីក្រុងធំបំផុតដែលរុស្ស៊ីដណ្ដើមបានចាប់តាំងពីការលុកលុយលើអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែ កុម្ភៈ បានផ្ដល់ឲ្យប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នូវជ័យជម្នះដ៏កម្រមួយ បន្ទាប់ពីមានការបរាជ័យជាបន្ដបន្ទាប់ក្នុងរយៈពេលជិត ៣ខែ កន្លងមកនេះ។

ជាមួយគ្នា ការគ្រប់គ្រងពេញលេញនៃទីក្រុង Mariupol នេះ បានផ្ដល់ឲ្យរុស្ស៊ីនូវតំណរភ្ជាប់ផ្លូវដីឧបទ្វីប Crimean ដែលទីក្រុងមូស្គូបានដណ្ដើមយកក្នុងឆ្នាំ ២០១៤ ជាមួយនឹងផ្នែកខ្លះនៃភាគខាងកើតអ៊ុយក្រែន កាន់កាប់ដោយពួកបំបែកខ្លួនដែលគាំទ្ររុស្ស៊ី៕

ប្រភព៖ NDTV

Share.