បន្ទាយមានជ័យ៖ ម៉ូតូ២គ្រឿងបើកបុកប៉ះគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់២នាក់ នៅលើកំណាត់ផ្លូវក្រាលកៅស៊ូ ស្ថិតនៅចុងភូមិកណ្តាល ឃុំសឹង្ហ ស្រុកអូរជ្រៅ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២។

តាមនគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ អូត សំអុន (ហៅមា) ភេទប្រុសអាយុ២៥ ឆ្នាំ រស់នៅភូមិរកា ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ ប-មានជ័យ1T-145 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩។ ចំណែកអ្នករងរបួសធ្ងន់០២នាក់ទៀត ទី១ ឈ្មោះ សឿង ខឿត ភេទប្រុស អាយុ៣៨ឆ្នាំ បើកបរម៉ូតូម៉ាកវេវ ពណ៌ក្រហម គ្មានស្លាក ផលិតឆ្នាំ១៩៩៩ និងទី២ឈ្មោះ ប៉ុល ពឿត ភេទប្រុស អាយុ២៣ឆ្នាំ អ្នកទាំងពីរ រស់នៅភូមិរកា ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

នគរបាលបានបញ្ជាក់ទៀតថា មុនពេលកើតហេតុម៉ូតូទាំង២គ្រឿងបានធ្វើដំណើរបញ្ច្រាស់ទិសគ្នា ហើយបើកបរនៅលើបន្ទាត់ពុះចែកទ្រូងផ្លូវដូចគ្នា ហើយបានបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសដែលជាអ្នកបើកបរម្នាក់ឯង ស្លាប់ភ្លាមៗ នឹង០២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
បច្ចុប្បន្នម៉ូតូទាំង០២គ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីឲ្យភាគីទាំងពីរដោះស្រាយគ្នានៅពេលក្រោយ៕
អត្ថបទ៖ប៉ោយប៉ែត

