សាឡាងដឹកមនុស្សជាង ១៣០នាក់ បានឆេះនៅភាគឥសាន្ដប្រទេសហ្វីលីពីននាថ្ងៃទី ច័ន្ទ នេះ ដោយអ្នកដំណើរចំនួន ៧នាក់ត្រូវបានរាយការណ៍ថា ស្លាប់ ខណៈមនុស្សចំនួន ៤នាក់កំពុងបាត់ខ្លួន ចំណែកមនុស្ស ៣នាក់ផ្សេងទៀតកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយ មនុស្សជាង ១០០នាក់ទៀត ត្រូវបង្ខំចិត្តលោតចូលសមុទ្រ ដោយពួកគេត្រូវបានគេជួយសង្រ្គោះដោយនាវាផ្សេងទៀត។

អភិបាលក្រុង Filomena Portales បាននិយាយថា ភ្លើងបានឆេះរាលដាលយ៉ាងលឿនចេញពីបន្ទប់ម៉ាស៊ីនទៅជាន់ខាងលើសាឡាង នៅពេលសាឡាងកំពុងតែជិះជិតដល់កំពង់ផែសមុទ្រកោះ Real ដោយសាឡាងនេះបានចេញដំណើរពីកោះ Polillo។

មន្រ្តីឆ្មាំសមុទ្របាននិយាយថា អ្នកដំណើរ និង នាវិក ក្នុងចំណោមអ្នកដំណើរចំនួន ១៣៤នាក់ បានលោតចូលទៅក្នុងទឹកហើយត្រូវបានជួយសង្រ្គោះដោយម៉ូតូទឹក និង កប៉ាល់ដឹកទំនិញ។

មន្រ្តីឆ្មាំសមុទ្របន្ដថា ក្នុងចំណោមអ្នកដំណើរដែលត្រូវបានជួយសង្រ្គោះ មាន ២៤នាក់ បានរងរបួស នឹងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ឧបទ្ទវេហេតុនៅសមុទ្រ គឺជារឿងធម្មតានៅក្នុងប្រជុំកោះហ្វីលីពីន ដោយសារតែតំបន់នេះបានជួបប្រទះនូវព្យុះជាញឹកញាប់៕

ប្រភព៖ ABC News

Share.