បន្ទាយមានជ័យ៖ បុរសម្នាក់ ត្រូវរថយន្តបើកបុកពីក្រោយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចមុខស្ថានីយ៍ដឹកអ្នកដំណើរអន្តរ ជាតិប៉ោយប៉ែត (ស៊ូជីង) ស្ថិតភូមិអណ្តូងថ្មមាស សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

ជនរងគ្រោះស្លាប់មានឈ្មោះ យូ សុខ ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមសមត្ថកិច្ចនគរបាលជំនាញចរាចរណបានឲ្យដឹងថា ជនរងគ្រោះខាងលើបានជិៈម៉ូតូម៉ាកហុងដាវ៉េវពាក់ស្លាក លេខ បន្ទាយមានជ័យ-1E.2466 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ បើកបរពីលិចទៅកើត តាមកន្លងផ្លូវម៉ូតូហើយមានរថយន្ត១គ្រឿងមិនស្គាល់អត្តសញ្ញាណ បើកបរស្របទិសគ្នា ក្នុ្ងងល្បឿនលឿន បានបុកពីក្រោយម៉ូតូជនរងគ្រោះ បណ្តាលឲ្យរបួសធ្ងន់ធ្ងរ ​ហើយរថយន្តបង្កបានបើកគេចខ្លួនបាត់។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ តែដោយរបួសធ្ងន់ធ្ងរពេកទើបបណ្តាលបាត់បង់ជីវិត។ បច្ចុប្បន្ន ម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។ ចំណែករថយន្តបង្កដែលបើករត់គេច សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ដើម្បីដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

អត្ថបទ៖ប៉ោយប៉ែត

Share.