
United Nations in Cambodia
នៅថ្ងៃនេះ គឺជាថ្ងៃទី២៣ ខែសភា ឆ្នាំ២០២២។ បើក្រឡេកថយក្រោយទៅ៣០ឆ្នាំមុន ជនរួមជាតិកម្ពុជា សហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ ប្រហែលជានឹកឃើញភ្លាមដល់ព្រឹត្តិការណ៍នៃការបោះឆ្នោតនីតិកាលទី១នៅកម្ពុជា កាលពីថ្ងៃទី២៣ ខែសភា ឆ្នាំ១៩៩៣។
កម្ពុជាក្រោយមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានឈានដល់ការរៀបចំការបោះឆ្នោតតាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្សជាលើកដំបូង ចាប់តាំងពីក្រោយការដួលរំលំនៃរបបខ្មែរក្រហម ក្រោមការរៀបចំរបស់អង្គការសហប្រជាតិ ហៅកាត់ថា អ៊ុនតាក់។ អាចនិយាយបានថាជាថ្ងៃដែលពលរដ្ឋខ្មែរក្លាយជាម្ចាស់នៃអំណាចតាមយន្តការប្រជាធិបតេយ្យ។
មិនមែនធ្វើឡើងតែរយៈពេល១ថ្ងៃដូចបច្ចប្បន្ននេះឡើយ ពោលគឺការបោះឆ្នោតឆ្នាំ១៩៩៣ បានចាប់ផ្ដើមពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣។ បើទោះជាមានអស្ថេរភាពនៅតាមតំបន់ខ្លះដែលគ្រប់គ្រងដោយក្រុមខ្មែរក្រហម ក៏អ្នកទៅបោះឆ្នោតមានចំនួនច្រើន ស្មើនឹង ៨៦.៧៨ ភាគរយ នៃអ្នកចុះឈ្មោះបោះឆ្នោតសរុបជិត៥លាននាក់ដែរ។
ការបោះឆ្នោតនីតិកាលទី១នាពេលនោះ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងច្រើន ប៉ុន្តែមានគណបក្សនយោបាយតែ៤ប៉ុណ្ណោះដែលទទួលបានការឈ្នះអាសនៈសភាធម្មនុញ្ញ រួមមានគណបក្សហ្វុនស៊ិនប៉ិច គណបក្សប្រជាជនកម្ពុជា គណបក្សសេរីនិយមព្រះពុទ្ធសាសនា និងគណបក្សម៉ូលីណាកា។
តាមរយៈការបោះឆ្នោតជាប្រវត្តិសាស្រ្តនោះហើយដែលកម្ពុជាបង្កើតបាននូវសភាធម្មនុញ្ញ ឈានទៅបង្កើត និងអនុម័តរដ្ឋធម្មនុញ្ញដែលប្រើប្រាស់រហូតមកដល់សព្វថ្ងៃ។ ថ្វីដ្បិតថាក្រោយការបោះឆ្នោតនាពេលនោះ កម្ពុជាមានរាជរដ្ឋាភិបាលចម្រុះដែលមាននាយករដ្ឋមន្រ្តី២រូប ឬហៅថារដ្ឋាភិបាលចម្រុះ ប៉ុន្តែព្រឹត្តិការណ៍នេះបានត្រួសត្រាយផ្លូវប្រជាធិបតេយ្យនៅកម្ពុជារហូតដល់សព្វថ្ងៃ។
មកដល់សព្វថ្ងៃ កម្ពុជាឆ្លងកាត់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត៦អាណត្តិជាប់ៗគ្នា។ នៅឆ្នាំក្រោយ គឺឆ្នាំ២០២៣ខាងមុខនេះ គឺជាការបោះឆ្នោតអាណ្តិទី៧ហើយ។ តាមរយៈការចាប់ផ្ដើមពីឆ្នាំ១៩៩៣នោះហើយ ដែលកម្ពុជាក៏បានឈានដល់ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជាប្រវត្តិសាស្រ្តនៅឆ្នាំ២០០២។
តាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០០២ ប្រពលរដ្ឋមានសិទ្ធិពេញទីក្នុងការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំនៅមូលដ្ឋានរបស់ពួកគាត់ដោយខ្លួនឯង ពោលគឺបញ្ចប់ទាំងស្រុងវប្បធម៌តែងតាំងមេឃុំ ចៅសង្កាត់ដោយថ្នាក់លើ។ យន្តការនេះបានក្លាយជាកម្លាំងថាមពលជំរុញឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ ខិតខំបំរើផលប្រយោជន៍ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។
ក្រៅពីនេះកម្ពុជាក៏បានឈានដល់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ដែលជាយន្តការថ្មីមួយទៀតនៃប្រជាធិបតេយ្យដោយតំណាង ដ្បិតសមាជិកសភា សមាជិកក្រុមប្រឹក្សាឃុំ សង្កាក់ បានចេញទៅបោះឆ្នោតក្នុងនាមតំណាងពលរដ្ឋដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភា និងក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ។
សមាជិកព្រឹទ្ធសភា ក៏បានដើរតួនាទីជាស្ថាប័នសភាជាន់ខ្ពស់ដើម្បីតាមដាន និងអនុម័តនូវសេចក្ដីព្រាងច្បាប់ និងកិច្ចព្រមព្រៀងទាំងឡាយ។ ដោយឡែកក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ក៏បានក្លាយជាតួអង្គដ៏មានសារៈសំខាន់ក្នុងការបំពេញភារកិច្ចបំរើប្រជាពលរដ្ឋនៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាមួយគណៈអភិបាលនៃរដ្ឋបាលថ្នាក់ក្រោមជាតិ។
វិលមកនិយាយពីថ្ងៃទី២៣ ខែសភា ឆ្នាំ២០២២នេះវិញ ថ្ងៃនេះគឺជាថ្ងៃទី៣ហើយនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលមានរយៈពេលឃោសនា១៤ថ្ងៃ និងមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងយកអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន១៧គណបក្ស។
ព្រឹត្តិការណ៍នេះជាផ្នែកមួយមិនអាចប្រកែកបានដែលប្រសូតចេញពីការចាប់ផ្ដើមបោះឆ្នោតជាលើកដំបូងក្រោយកាលពីថ្ងៃទី២៣ ខែសភា ឆ្នាំ១៩៩៣នោះហើយ។ ដូច្នេះម្ចាស់ឆ្នោតកាលពីឆ្នាំ១៩៩៣ ពិតជាបានរួមចំណែកធំធេងណាស់ក្នុងការបង្កើតឱកាសឱ្យអ្នកជំនាន់ក្រោយអាចបន្តប្រើប្រាស់សន្លឹកឆ្នោតដើម្បីជ្រើសរើសអ្នកដឹកនាំតាមគោលការណ៍ប្រជាធិបតេយ្យដ៏ពិសិដ្ឋដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ៕
