
ពីវេទិកាអធិបតីនៃពិធីសំណេះសំណាលជាមួយតំណាងសាសនិកឥស្លាមប្រមាណ៦០០នាក់ក្នុងខេត្តបាត់ដំបង សម្ដេចក្រឡាហោម ស ខេង ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជា បានរំលឹកអំពីបុព្វហេតុ និងគុណតម្លៃនៃការរៀបចំឱ្យមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ ការបោះឆ្នោតឃុំ សង្កាត់ ដែលបើតាមសម្ដេចក្រឡាហោម ស ខេង គឺជាសមិទ្ធផលប្រជាធិបតេយ្យមួយកើតចេញពីឆន្ទៈគណបក្សប្រជាជនកម្ពុជា ដោយផ្អែកលើប្រវត្តិសាស្រ្តដែលកម្ពុជាមានសង្គ្រាមបង្ហូរឈាម ជម្លោះផ្ទៃក្នុង ហើយអាជ្ញាធរឃុំសង្កាត់ខ្លះមានភាពអសកម្មក្នុងការងារ ដោយសារពួកគេកាន់តួនាទីដែលបានមកពីការតែងតាំងរបស់ថ្នាក់លើ មិនមែនដោយពលរដ្ឋ។
សម្ដេចបានមានប្រសាសន៍ថា «ឆ្លងតាមការបោះឆ្នោត ប្រជាពលរដ្ឋលោកមានសិទ្ធិសេរីភាពដើម្បីជ្រើសរើសអ្នកដឹកនាំផ្ទាល់ដោយខ្លួនគាត់។ ដូចយើងដឹងទាំងអស់គ្នាហើយថាក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបានចង្អុលតែងតាំងដោយប្រជាពលរដ្ឋបោះឆ្នោត មិនមែនដោយស្រុក ក្រុង ឬខណ្ឌតែងតាំងនោះទេ នេះជាការលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ…។ បើមិនមានការបោះឆ្នោតជ្រើសអ្នកដឹកនាំមូលដ្ឋានដោយប្រជាពលរដ្ឋ ក៏អាចធ្វើបានដែរ ប៉ុន្តែយើងឆ្លងកាត់តាមប្រវត្តិសាស្រ្តបត់បែនស្មុគស្មាញ បង្ហូរឈាម ជម្លោះផ្ទៃក្នុងមក យើងចង់ឱ្យមានស្ថិរភាពយូរអង្វែង មានការអភិវឌ្ឍប្រកបដោយចីរភាព ពិសេសការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដូច្នេះបានជាយើងតម្រូវឱ្យមានការបោះឆ្នោតដោយពលរដ្ឋគាត់ជ្រើសរើសអ្នកដឹកនាំនៅមូលដ្ឋានដោយខ្លួនគាត់»។
បើតាមសម្ដេចក្រឡាហោម ស ខេង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះ ក៏ជាការលុបបំបាត់វប្បធម៌តែងតាំងមន្រ្តីជាអ្នកដឹកនាំមូលដ្ឋានដោយថ្នាក់លើផងដែរ ដោយសម្ដេចបានអះអាងទៀតថា«ការតែងតាំងដោយថ្នាក់លើគឺនាំឱ្យអ្នកធ្វើការនៅមូលដ្ឋានឬអ្នកដឹកនាំនៅមូលដ្ឋាន គ្មានភារកិច្ច គ្មានការទទួលខុសត្រូវ ឬក៏អាចថាគ្មានកាតព្វកិច្ចទទួលខុសត្រូវជាមួយប្រជាពលរដ្ឋប៉ុន្មានទេ អាចមានខ្លះដែរក៏ប៉ុន្តែវាមិនមែនជាការទទួលខុសត្រូវដូចច្បាប់បានចែងនោះឡើយ។ តែសម្រាប់ការបោះឆ្នោតដែលប្រជាពលរដ្ឋគាត់ជ្រើសតាំងដោយខ្លួនគាត់ អ្នកដឹកនាំឃុំ សង្កាត់ទាំងអស់គាត់ទទួលខុសត្រូវលើការដឹកនាំ និងការបំរើប្រជាពលរដ្ឋក្នុងឃុំ សង្កាត់របស់គាត់»។
ភ្ជាប់នឹងប្រធានបទអំណាចកើតចេញពីសន្លឹកឆ្នោតគាំទ្ររបស់ពលរដ្ឋនេះដែរ សម្ដេចក្រឡាហោម នាឱកាសនោះក៏បានណែនាំឱ្យថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ក្នុងខេត្តបាត់ដំបង ពិសេសអ្នកដែលកាន់មុខតំណែងមុខងារសាធារណៈឬអាជ្ញាធរដែនដីខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ មិនប្រើអំណាចដោយរំលោភ ចាត់ទុកប្រជាពលរដ្ឋជាអ្នកត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតជាបន្តទៀត ដោយសម្ដេចបន្ថែមថា« គណបក្សប្រជាជនកម្ពុជាបានប្រកាន់ឧត្តមគតិស្នេហាជាតិពិតប្រាកដ នៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ តស៊ូតាំងពីប្រទេសធ្លាក់ក្នុងចំណុចសូន្យ ស្ថិតក្នុងការហុំព័ទ្ធសេដ្ឋកិច្ច និងនយោបាយ រហូតបង្កើតបានសុខសន្តិភាព និងការអភិវឌ្ឍ ឈរស្មើមុខ ស្មើមាត់នៅលើឆាកអន្តរជាតិ»។
សូមបញ្ជាក់ថាការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២២នេះ គឺជាការបោះឆ្នោតលើកទី៥ ឬអាណត្តិទី៥ ដែលក៏មានន័យថាប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិគឺរដ្ឋបាលឃុំ សង្កាត់ បានចាក់ឬសរយៈពេល២០ឆ្នាំហើយដែរ។ រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាដែលកើតចេញពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ក៏បានដាក់ចេញគោលនយោបាយពង្រឹងតួនាទីរដ្ឋបាលឃុំ សង្កាត់ ឱ្យកាន់តែមានលទ្ធភាពក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក្នុងនោះរួមទាំងការផ្ទេរមុខងារ និងធនធានថវិកា ដើម្បីអភិវឌ្ឍឃុំ សង្កាត់។ តាមរយៈយន្តការនេះ ប្រសិនបើក្រុមប្រឹក្សាឃុំ សង្កាត់ បំរើពលរដ្ឋមិនបានល្អទេ នៅ៥ឆ្នាំបន្ទាប់ ពលរដ្ឋមានសិទ្ធិពេញទីដើម្បីសម្រេចចិត្តទំលាក់ចេញពីអំណាចតាមរយៈការឈប់បោះឆ្នោតគាំទ្រ៕

