យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ABC News បានឲ្យដឹងថា មានកុមារចំនួន ១៨នាក់ និង មនុស្សពេញវ័យ ៣នាក់ បានស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារនៅសាលាបឋមសិក្សាមួយកន្លែង ក្នុងរដ្ឋតិចសាស់។

មន្រ្តីបាននិយាយថា ខ្មាន់កាំភ្លើងមានឈ្មោះថា Salvador Ramos អាយុ ១៨ឆ្នាំម្នាក់ បានបើកការបាញ់ប្រហារនាថ្ងៃទី ២៤ ខែ ឧសភា នេះ (ថ្ងៃក្នុងស្រុក) នៅសាលាបឋមសិក្សា Robb ក្នុងទីក្រុង Uvalde ដោយប្រើកាំភ្លើងពាក់កណ្ដាលស្វ័យប្រវត្តិ AR-15 សម្លាប់កុមារជាច្រើន រួមទាំងគ្រូបង្រៀន ហើយខ្មាន់កាំភ្លើងរូបនោះក៏បានស្លាប់ក្នុងហេតុការណ៍នោះដែរ។

វាជាគឺជាការបាញ់ប្រហារដ៏អាក្រក់បំផុត នៅសាលាបឋមសិក្សារបស់សហរដ្ឋអាមេរិក ចាប់តាំងពីខ្មាន់កាំភ្លើងបានសម្លាប់កុមារចំនួន ២០នាក់ និង មនុស្សពេញវ័យ ៦នាក់ នៅសាលាបឋមសិក្សា Sandy Hook ក្នុងទីក្រុង Newtown រដ្ឋ Connecticut ជិត ១០ឆ្នាំមុន។

ហេតុការណ៍បាញ់ប្រហារនេះក៏ទើបតែកើតឡើង ១០ថ្ងៃ ក្រោយពេលដែលមានការបាញ់ប្រហារនៅព្រះវិហារ និង ផ្សារទំនើប ដោយការប្រកាន់ពូជសាសន៍ផងដែរ។ ហើយការវាយប្រហារនេះ កើតឡើងចំពេលដែលអំពើហិង្សាដោយកាំភ្លើងកំពុងតែកើនឡើងខ្លាំងនៅសហរដ្ឋអាមេរិក។

ទោះជាយ៉ាងណាក្ដីមន្រ្តីអនុវត្តច្បាប់បានលើកឡើងថា ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងកើនឡើង។ ប៉ុន្ដែពួកគេបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ព្រោះពួកគេមិនត្រូវបានអនុញ្ញាតឲ្យចេញផ្សាយព័ត៌មានលម្អិតពីការស៊ើបអង្កេតឡើយ។

អភិបាលរដ្ឋតិចសាស់ លោក Greg Abbott និយាយថា ខ្មាន់កាំភ្លើងត្រូវបានសម្លាប់ ពេលបាញ់តដៃជាមួយនឹងមន្រ្តីប៉ូលីស ហើយចំនួនមនុស្សពេញវ័យ ៣នាក់ ដែលបញ្ជាក់ថា ស្លាប់ក្នុងហេតុការណ៍នេះមិនទាន់ដឹងថា បានបូកបញ្ជូនទាំងខ្មាន់កាំភ្លើងនោះឬក៏អត់។

យោងតាមប្រភពពីសមត្ថកិច្ច ខ្មាន់កាំភ្លើង ក៏ត្រូវបានគេសង្ស័យថា សម្លាប់ជីដូនរបស់ខ្លួនផងដែរ មុនពេលបើកការសម្លាប់រង្គាលនៅសាលារៀន។

ស្របពេលជាមួយគ្នានោះ លោកប្រធានាធិបតី Joe Biden បានបញ្ជាឲ្យបង្ហូតទង់ជាតិអាមេរិកពាក់កណ្តាលដង រហូតដល់ព្រះអាទិត្យលិច នៅថ្ងៃសៅរ៍ ទី២៨ ខែឧសភា ដើម្បីជាការកាន់ទុក្ខ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកបានបញ្ជាឲ្យទង់ជាតិសហរដ្ឋអាមេរិកនៅទូទាំងអគារសាធារណៈ និងមូលដ្ឋាន ប៉ុស្តិ៍យោធា ស្ថានីយកងទ័ពជើងទឹក និងនាវាកងទ័ពជើងទឹកទាំងអស់ ត្រូវបង្ហូតពាក់កណ្តាលដង ព្រមទាំងទង់ជាតិនៅស្ថានទូត ការិយាល័យកុងស៊ុល ទីតាំងយោធា និងកងទ័ពជើងទឹកនៅសហរដ្ឋអាមេរិក និង នៅបរទេសផងដែរ៕

ប្រភព៖ ABC News

Share.