ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តFord មួយគ្រឿង មិនដឹងថាមានបញ្ហាអ្វី បានជាដកកាំភ្លើងខ្លីបាញ់លើមេឃចំនួន៤គ្រាប់ផ្ទួនៗ ផ្អើលក្មេងៗជិះកង់មួយក្រុមរត់ចែកជើងគ្នា ហើយជននោះបើករថយន្តគេចចេញទៅបាត់ កាលពីវេលាម៉ោង៨និង៣៥នាទីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង មុខវត្តតិក្ខប្បញ្ញោ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ មានក្មេងៗមួយក្រុមមានគ្នា៦ទៅ៧នាក់ ជិះកង់លេងតាមផ្លូវបេតុង ចំណុចកើតហេតុ ស្របពេលនោះមានរថយន្តFord ពណ៌ខ្មៅ មួយគ្រឿង មិនចាំស្លាកលេខ បើកមកដល់ ស្រាប់តែបុរសជិះក្នុងរថយន្តដកកាំភ្លើងបាញ់ឡើងលើចំនួន៤គ្រាប់ បង្កឲ្យភ័យខ្លាច ផ្អើលក្មេងៗ នាំគ្នារត់ចែកជើងគ្នា ហើយជនមានអាវុធរូបនោះ បើករថយន្តគេចទៅបាត់ មិនហ៊ាននៅយូរនោះឡើយ ប្រហែលជាខ្លាចសមត្ថកិច្ច តាមទាន់និងឃាត់សួរនាំ។

ក្រោយពីស្នូរផ្ទុះអាវុធចំនួន៤គ្រាប់រួចមក សមត្ថកិច្ចមូលដ្ឋានចុះទៅដល់ទីតាំងខាងលើ សាកសួរ និងពិនិត្យជុំវិញកន្លែងកើតហេតុ រកឃើញសំបកគ្រាប់កាំភ្លើងចំនួន៤គ្រាប់ ប្រមូលយកទៅរក្សាទុកពិនិត្យនិងស្រាវជ្រាវ រកជនដែលបាញ់មេឃ ៕
អត្ថបទ៖តាតុង សែនជ័យ
