
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ ក្លោស ឆ្វាប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២២ម្សិលមិញនេះ។
សម្តេចតេជោបានរំលឹកថាកាលពីឆ្នាំ២០១២ កម្ពុជាដែលជាប្រធានអាស៊ាននោះ បានរៀបចំវេទិកាសន្ទនាអាស៊ានពិភពលោកទី១ដោយមានការចូលរួមពីប្រធានស្ថាប័នមួយចំនួនដូចជា IMF ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ីជាដើម ហើយថាលើកនេះកិច្ចសន្ទនានេះនឹងធ្វើឡើងទៀតនៅខែវិច្ឆិកាឆ្នាំ២០២២ ដោយយកឱកាសនេះអញ្ជើញលោកសាស្ត្រាចារ្យចូលរួមនៅកម្ពុជា។
លោកសាស្ត្រាចារ្យKlaus Schwab បានសម្ដែងក្ដីជឿជាក់ថាសម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងឋានជាប្រធានអាស៊ាននៅឆ្នាំនេះ និងថាជាឱកាសដ៏ល្អសម្រាប់លោកមកទស្សនកិច្ចកម្ពុជាដើម្បីឃើញវឌ្ឍនភាព ភាពរីកចំរើនរបស់ប្រទេសអាស៊ានមួយនេះស្របពេលលោកក៏នឹងត្រូវចូលរួមកិច្ចប្រជុំ G20 នៅប្រទេសឥណ្ឌូនេស៊ីផងដែរ។
ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោកក៏បានជម្រាបសម្ដេចដែរថាលោកចង់ឃើញការបង្កើតនូវមជ្ឈមណ្ឌលមួយដែលបង្កើតដោយវេទិកាសេដ្ឋកិច្ចពិភពលោក ដែលកន្លងមកបានធ្វើនៅតាមបណ្ដាប្រទេសជាច្រើន ដូចជានៅអាមេរិក ចិន និងជប៉ុន ជាដើម ដែលតាមរយៈមជ្ឈមណ្ឌលនេះនឹងអាចទាញផលប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មទី៤ ដែលត្រូវប្រើប្រាស់នូវបច្ចេកវិទ្យាជាច្រើន។
លោកបន្តថាម្យ៉ាងវិញទៀតតាមរយៈការបង្កើតមជ្ឈមណ្ឌលនេះ នឹងអាចជួយប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយបំផុត ដូចដែលបានអនុវត្តតាមបណ្ដាប្រទេសផ្សេងទៀត ដូចជាការអនុវត្តប្រើប្រាស់ត្រូន ដឹកជញ្ជូនថ្នាំពេទ្យជាបន្ទាន់ទៅទីតាំងដាច់ស្រយាល ត្រូនប្រើក្នុងវិស័យកសិកម្ម ជាដើម និងបច្ចេកវិទ្យាជាមួយនឹងប្រព័ន្ធធនាគារផងដែរ។
លោករំពឹងថាភាគីទាំងពីរនឹងអាចធ្វើការជាមួយគ្នាដើម្បីឈានទៅចុះកិច្ចព្រមព្រៀងមួយរវាងកម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោកនាពេលខាងមុខនេះ ជាពិសេសនៅពេលដែលលោកមកកម្ពុជាតែម្ដង។ សម្ដេចតេជោ ក៏បានមានប្រសាសន៍ថាសម្ដេចនឹងចាត់ឲ្យមន្ត្រីទទួលបន្ទុក ធ្វើការងារនេះ ជាមួយនឹងខាងមន្ត្រីនៃវេទិកាសេដ្ឋកិច្ចពិភពលោក៕

