ភ្នំពេញ ៖ បុរសជនជាតិបរទេសម្នាក់ សង្ស័យប្រើប្រាស់គ្រឿងញៀនជ្រុល រត់ចេញពីផ្ទះសំណាក់ ឡើងលើការដ្ឋានសំណង់ជាន់ទី២ លោតទម្លាក់ខ្លួន បណ្តាលឲ្យបោកក្បាលនឹងថ្នល់ស្លាប់ កាលពីវេលាម៉ោង២រំលងអធ្រាត្រ ចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ រហូតដល់ព្រឹកឡើងទើបផ្អើលឆោឡោ នៅតាមផ្លូវបេតុងលេខ១០៧កា ផ្ទះលេខ6B3-7B3 ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

ជនបរទេសស្បែកស ខាងលើភ្លាមៗ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ មានអាយុប្រហែលជាង៣០ឆ្នាំ ស្លៀកខោកជើងខ្លី ពាក់អាវយឺតដៃខ្លី ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា កន្លងមកគេធ្លាប់ឃើញបុរសជនជាតិបរទេសរូបនេះ ធ្វើដំណើរដោយថ្មើរជើង នៅក្នុងភូមិសាស្ត្រខាងលើ ជួនអត់មានទាំងពាក់ស្បែកជើងផង ហើយនៅវេលាម៉ោង២រំលងអធ្រាត្រចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ គេឮសូរសម្លេងឆ្កែព្រុស ហើយឃើញជនរងគ្រោះដេកដួលនៅលើផ្លូវ តែគ្មានអ្នកហ៊ានចូលជិត រហូតដល់ភ្លឺច្បាស់ទើបដឹងថាដេកស្លាប់ ។

តែបើតាមប្រភពមួយផ្សេងទៀត បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ គេឃើញជនរងគ្រោះចូលទៅដេកនៅបន្ទប់ផ្ទះសំណាក់យុីហោ សុភ័ស្ត ភួង ដែលស្ថិតនៅក្បែរនោះ ស្រាប់តែនៅរំលងអធ្រាត្រ ជនជាតិបរទេសរូបនេះ បានដុតកម្រាលពូក ខ្នើយ ឆេះក្នុងបន្ទប់ហើយ រត់ឆ្លងកាត់លើដំបូលផ្ទះ ឡើងទៅលើកាដ្ឋានសំណង់ជាន់ទី២ ហើយលោតទម្លាក់ខ្លួន បណ្តាលឲ្យស្លាប់ ។

ក្រោយហេតុការណ៍ធ្វើអត្តឃាតនេះ កម្លាំងសមត្ថកិច្ច មូលដ្ឋាន ជំនាញ បានចុះទៅពិនិត្យ ជាក់ស្តែង ដល់ទីតាំងកើតហេតុនិងរៀបចំធ្វើកំណត់ហេតុតាមនីតិវិធីផងដែ៕
អត្ថបទ៖តាតុង សែនជ័យ
