ពីកិច្ចពិភាក្សាវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស នាថ្ងៃទី២៤ ខែសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២២ បានទាញចំណាប់អាម្មណ៍អ្នកចូលរួម អំពីផលវិបាកកើតចេញពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងនោះរួមទាំងផលអវិជ្ជមានកើតចេញពីការប្រើវិធីសាស្រ្តដាក់ទណ្ឌកម្ម។

បើតាមសម្ដេចតេជោ«ឥលូវនេះ ប្រទេសនានាដែលមិនប្រឈមផ្ទាល់នឹងបញ្ហា កំពុងតែជួបនឹងគ្រោះទ្វេទិស គ្រោះម្ខាងចេញពីសង្គ្រាមរុស្សី និងអ៊ុយក្រែន ប៉ុន្តែគ្រោះម្ខាងទៀតគឺចេញមកពីទណ្ឌកម្មតែម្ដង រឿងទណ្ឌកម្មនេះគួរតែឈប់ប្រើទៅ វាអត់បានផ្ដល់ផលប្រយោជន៍ណាមួយ សូម្បីប្រទេសដែលដាក់ទណ្ឌកម្មគេក៏ខាតបង់ដែរ កុំថាឡើយប្រទេសយើងក្រីក្រ»។

សម្ដេចបានចោទជាសំណួរថាតើក្រុមប្រទេសដែលបានដាក់ទណ្ឌកម្មលើរុស្សីបានអ្វីត្រឡប់មកវិញ ហើយភ្ជាប់នឹងទស្សនាទានអំពាវនាវឱ្យបញ្ឈប់វប្បធម៌ដាក់ទណ្ឌកម្មនេះ សម្ដេចបានផ្ដល់ឧទាហរណ៍ថា«ប្រសិនបើរុស្សីកាត់ផ្ដាច់ឧស្ម័នភ្លាមពីអឺរ៉ុប តើប្រទេសអឺរ៉ុបនឹងប្រើប្រាស់អ្វីជំនួសឧស្ម័ន? តើទៅកាប់ឈើ កាប់អុសដើម្បីចំអិនអាហារ? នេះមិនទាន់ដល់កម្រិតរុស្សីកាត់ឧស្ម័នចេញពីអឺរ៉ុបផងទេ»។

មេដឹកនាំកម្ពុជាដែលឆ្អែតនឹងបទពិសោធន៍ទទួលទណ្ឌកម្មសេដ្ឋកិច្ច និងនយោបាយនៅក្រោយការផ្ដួលរំលំរបបខ្មែរក្រហមរូបនេះ បានបន្តថា«ឥលូវនេះ សូម្បីតែអ្វីដែលធ្លាប់នាំទៅរុស្សី ឬរុស្សីនាំមក គឺទាំងអស់គ្នាសុទ្ធតែខាត វាប្រៀបដូចទៅនឹងការបិទទ្វារអ៊ីចឹង កាលណាបិទហើយយើងក៏ចេញមិនរួច គេក៏ចូលមកមិនបាន អ៊ីចឹងទេទណ្ឌកម្មវាស្រោចត្រូវទាំងអស់គ្នា រាប់ទាំងត្រូវពួកយើងដែលមិនពាក់ព័ន្ធ»។

ពាក់ព័ន្ធនឹងផលវិបាកកើតចេញពីវិបត្តិសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែននេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថាជាបឋមនេះពិភពលោកកំពុងឈានទៅរកវិបត្តិថាមពលហើយ ដោយសារអត្រាឡើងថ្លៃនៃប្រេងឥន្ធនៈ ខណៈយូរបំផុតនៅឆ្នាំ២០២៣ សម្ដេចអះអាងថាពិភពលោកនឹងប្រឈមមុខវិបត្តិស្បៀង ដ្បិតរុស្ស៊ី និងអ៊ុយក្រែនជាប្រទេសប្រភពស្បៀងដ៏ធំមួយ៕

Share.