ស្ទឹងត្រែង ៖ មនុស្សប្រុសស្រី៥នាក់រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ រវាងរថយន្តTACOMA បើកបុកជាមួយគោយន្តកន្ត្រៃបើកឆ្លងផ្លូវ ក្រឡាប់ផ្ងារជើង កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៩ ចំណុចភូមិស្រែឫស្សី ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

ភាគីខាងរថយន្តម៉ាកTACOMA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AA-0141 បើកបរដោយឈ្មោះ អុីម លីចាន់ ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរកសិករ រស់នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបាលុង ខេត្តរតនគីរី រួមដំណើរជាមួយ ទី១ ឈ្មោះ គុណ សៀវ៉ៃ ភេទស្រី អាយុ១២ឆ្នាំ រងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងហើយបន្តទៅខេត្តសៀមរាប ។ ទី២ ឈ្មោះ គុណ តាំងស្រ៊ុន ភេទប្រុស អាយុ៤ឆ្នាំ រងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ហើយបន្តទៅពេទ្យសៀមរាប ។ ទី៣ ឈ្មោះ អេង សៀលីម ភេទស្រី អាយុ៥២ឆ្នាំ រងរបួសស្រាល បញ្ជូនទៅសង្គ្រោះនៅពេទ្យបង្អែកខេត្តស្ទឹងត្រែងហើយបន្តទៅខេត្តសៀមរាប ។

ចំណែកភាគីខាងគោយន្តកន្ត្រៃ បើកបរដោយឈ្មោះ នេន រស្មី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិជាំធំ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។
តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តបើកពីកើតទៅលិច លុះដល់ចំណុចកើតហេតុ វ៉ាក់អើ គោយន្តកន្ត្រៃបើកឆ្លងផ្លូវពីជើងទៅត្បូង បំណងបត់ឆ្ពោះទៅកើត បណ្តាលឲ្យបុកគ្នាពេញទំហឹង ក្រឡាប់គោយន្តផ្ងារជើង របួសធ្ងន់ក្មេងប្រុសស្រី២នាក់និងស្រ្តីម្នាក់របួសស្រាល រីឯអ្នកបើកបររថយន្ត និងអ្នកបើកគោយន្តរងរបួសស្រាល ។

ក្រោយកើតហេតុ ជនរងគ្រោះ៣នាក់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកមធ្យោបាយទាំង២ គ្រឿង សមត្ថកិច្ចវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រងចាំដោះស្រាយនៅពេលក្រោយ ៕
អត្ថបទ៖តាតុង សែនជ័យ
