ភ្នំពេញ ៖ រថយន្ត២គ្រឿងបើកកៀរកៀបជាប់គ្នា មួយគ្រឿងរងខូចខាតខ្ទេចកាប៊ីន ទៅមុខលែងរួច តែមិនបង្កឲ្យអ្នកណារងរបួសឡើយ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវជាតិលេខ៣ កែងផ្លូវបេតុង ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ភាគីខាងរថយន្តកុងតឺន័រ ម៉ាកVOLVO ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 3D-9194 អូសសណ្តោងរុឺម៉ក ដឹកទូកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 4A-2154 បើកតាមផ្លូវជាតិ លេខ៣ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ បត់ស្តាំចូលផ្លូវបេតុង បែជាជ្រុលកៀរជាប់រថយន្តឃ្លុប ម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-0941 កំពុងបើកពីជើងទៅត្បូង ស្របទិសគ្នា នៅពីខាងស្តាំ បណ្តាលឲ្យកៀរផ្ទប់ជាប់ដើមឈើ នៅចិញ្ចើមផ្លូវ ទៅមុខក៏មិនរួច ថយក្រោយក៏មិនកើត ខ្ទេចកាប៊ីន បែកកញ្ចក់រថយន្តឃ្លុប តែមិនបង្កឲ្យអ្នកណារងរបួសឡើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ តែអ្នកបើកបររថយន្តកុងតឺន័រគេចខ្លួនបាត់ ទើបប្រគល់ឲ្យសមត្ថកិច្វជំនាញវាស់វែងយកទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំដោះស្រាយគ្នានៅពេលក្រោយទៀត ៕

អត្ថបទ៖តាតុង សែនជ័យ

Share.