ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្ដល់យោបល់ឱ្យប្រជាពលរដ្ឋដែលទទួលបានដីនៅតំបន់លិចទឹកពីរដ្ឋកាត់ឆ្វៀល ងាកមកដាំដើមឬស្សីជំនួសការធ្វើស្រែប្រាំង។ នេះបើតាមខ្លឹមសារស្រង់ចេញពីទំព័រហ្វេសប៊ុកមន្ទីរព័ត៌មានខេត្តសៀមរាប។

បើតាមមន្ទីរព័ត៌មានខេត្តសៀមរាប ឯកឧត្តម ណៅ ធួក បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រចាំខែ ស្ដីពីយុទ្ធនាការចុះបង្ក្រាបបទល្មើសនេសាទជលផល ក្នុងភូមិសាស្ដ្រខេត្ដសៀមរាប នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅសាលាខេត្ដសៀមរាប។

ឯកឧត្តម ណៅ ធួក បានអះអាងថាការប្ដូរពីការធ្វើស្រែប្រាំងមកដាំដុះដើមឬសី្ស នឹងផ្តល់នូវចំណូលខ្ពស់ជាងការធ្វើស្រែប្រាំង មិនចំណាយទុនច្រើន និងបានផ្តល់នូវជម្រកត្រីពងកូន ព្រមទាំងកាត់បន្ថយការប៉ះពាល់បរិស្ថានបឹងទន្លេសាប ដោយសារដំណាំឬស្សីមិនប្រើប្រាស់ថ្មាំគីមី។

គួរកត់សម្គាល់ថាបន្ទាប់ពីរដ្ឋាភិបាលបានដកហូតមកវិញនូវដីព្រៃលិចទឹកតំបន់បឹងទន្លេសាបដែលឈូសឆាយកាន់កាប់ដោយប្រជាពលរដ្ឋ និងបុគ្គលមានអំណាចមួយចំនួននោះ គេសង្កេតឃើញថ្នាក់ដឹកនាំ និងរដ្ឋបាលខេត្ត បាននាំគ្នាដាំដើមឬស្សីដើម្បីបង្កើតគម្របព្រៃលិចទឹកឡើងវិញ៕

Share.