ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២២ លោកស្រី ឈុន ដាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាតិចិនម្នាក់ឈ្មោះ ZHANG ZHI QIANG ភេទប្រុស អាយុ៣២ឆ្នាំ កាន់លិខិតឆ្លងដែន E89753382 ដាក់ពន្ធនាគារកំណត់ចំនួន១០ឆ្នាំ ពិន័យប្រាក់ចំនួន៣០លាន រៀលបង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ. ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន៦០ដប ទម្ងន់ ជាង៥គីឡូក្រាម។

សូមរំលឹកថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤:៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ សហការជាមួយគយ និងរដ្ឋាករប្រចាំឃ្លាំងទំនិញ (CARGO) នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងនៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានត្រួតពិនិត្យកញ្ចប់បញ្ញើមិនប្រក្រតី ដែលផ្ញើពីទីក្រុង JOHANNESBURG ប្រទេសអាហ្វ្រិកខាងត្បូង ចូលមកកម្ពុជា តាមរយ:ក្រុមហ៊ុន DHL ដែលបង្កប់លាក់សារធាតុញៀន(រាវ)ប្រភេទ កេតាមីន( KETAMINE ) ក្នុងដបជរ័ពណ៌ស ម៉ាក ALOE GEL ចំនួន ៦០ដប មានទម្ងន់ ១០គីឡូក្រាម (គិតទាំងសំបក)។
វត្ថុតាងចាប់យកបានរួមមាន៖ សារធាតុញៀន កេតាមីន(KETAMIE) ៦០ដប ទម្ងន់សុទ្ធ ៥ គ.ក្រ ១៣៤.២០ ក្រាម៕


អត្ថបទ៖ចុតមុខ
