ក្រោយទទួលបាន​ដំណឹង​តារា​ភាពយន្ត​ជើង​ចាស់លោកតា រិទ្ធិ​ សារី ​ឈឺធ្ងន់ជាលើកទី ២ ភ្លាមៗគេស្រាប់តែឃើញអតីតតារាសម្ដែង ស៊ុក សុភា ឬនេនទុំ បាន​ប្រញាប់​ចេញ​មក​ប្រកាស​​នៅ​លើ​​បណ្ដាញ​សង្គម​ ​ស្វែង​រក​ជំនួយ​សប្បុរសធម៌​ពីនាយសមុទ្រដើម្បីជួយ​ដល់​លោក​តា​ជាថ្មីម្ដងទៀត។

តាមសំណេរទាំងស្រុងរបស់លោក ស៊ុក សុភា បានរៀបរាប់ថា៖ «តារាភាពយន្ដជើងចាស់​ដ៏ល្បី លោកពុក​ រិទ្ធ​ សារី​ សព្វថ្ងៃមានអាយុ ៨០ជាងឆ្នាំ ហើយលោកពុកកំពុងមានជំងឺសម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តបាត់ដំបង​ ហើយនៅពេលនេះលោកពុកអស់លទ្ធភាពក្នុងការព្យាបាលជំងឺ​ ហើយលោកពុកសុំមកសម្រាកនៅផ្ទះវិញ​ អាណិតលោកពុកណាស់លោកអើយ😔😓🇰🇭។ ខ្ញុំបាទនឹងភរិយាព្រមទាំងកូនៗ​ បានជូនថវិការលោកពុកខ្លះដែរ​ ហើយប្រសិនបើបងប្អូនចង់ចូលរួមជាថវិការជូនគាត់អាចទាក់ទងមកខ្ញុំបាទបាន​ 😔👌»។

តារាប្រុសរូបនេះបានបង្ហោះរូបភាពពីអតីតកាលដែលលោកធ្លាប់សម្ដែងរួមគ្នាជាមួយលោកតា រិទ្ធ​ សារី​ និងបាននិយាយបន្ថែមទៀតថា ៖ «ជំងឺលោកពុក​ រើមកវិញទៀតហើយ​ អាណិតលោកពុកខ្លាំងណាស់​ 😔»។

គេនៅចាំបានថា កាលពីអំឡុងឆ្នាំ ២០២១ លោក ស៊ុក សុភា បានប្រមូលថវិកាពីសប្បុរសជនឯនាយសមុទ្រ ដែល​អាណិត​ចំពោះ​លោក​តា​រិទ្ធិ​សារីបាន​ចូលរួម​ផ្ដល់​ជំនួយ​ដល់​លោក​តា រិទ្ធ​ សារី​ សរុប​​ចំនួន​ជិត​ ១​ពាន់​ដុល្លារ​អាមេរិក​ផងដែរ​។ នេះសបញ្ជាក់ឱ្យឃើញថា អតីតតារាសម្ដែងប្រុសរូបនេះ នៅតែយកចិត្តទុកដាក់ចំពោះតារាភាពយន្តជើងចាស់ រិទ្ធ សារី ជានិច្ច៕

សូមចូលអាន៖ ស៊ុក សុភា ប្រមូលថវិកា​ពី​បងប្អូន​ខ្មែរ​ឯនាយ​សមុទ្រ​ជួយតារាជើងចាស់តា រិទ្ធ សារី កំពុង​ឈឺ!

Share.